ទិញ​ប៉ះ​ដី​ទំនាស់​ គេ​រុះ​រើ​ខ្ទេច!​ ដី​ទំនាស់​ដ៏​រ៉ាំ​រ៉ៃ​រវាង​លោក​ បាញ់​ សៀមអាន​ និង​ លោកស្រី​ យូ​​ ចន្ថា​​ ត្រូវ​បាន​អនុវត្តន៍​ដីកា​រក្សា​ការ​ពារ​ជា​លើក​ទី៣!​

0
463

ខេត្តព្រះសីហនុ៖ លោក អ៊ឹម សុភ័ក្រ្ត ជា ប្រធាន អាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ជាអ្នកទទូលខុសត្រូវដឹកនាំក្នុងការចុះអនុវត្តន៍ដីកាក្សាការពារ​ លេខ៦៥៧ តរ/១៨ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ រវាង លោក បាញ់ សៀមអាន ជាម្ចាស់បំណុល និង លោកស្រី យូចន្ថា ជាកូនបំណុលដែលធ្លាប់ចុះអនុវត្តន៍ពីរលើករូចមកហើយ ប៉ុន្តែមិនទទូលបានលទ្ធផលនោះ​ ទើបសាលាដំបូងខេត្តព្រះសីហនុបានសម្រេចបង្កើតគណៈកម្មការចម្រុះចុះអនុវត្តន៍ជាលើកទី៣ ម្តងទៀត។

យោយតាមខ្លឹមសារនៃដីការក្សាការពារខាងលើ បានបញ្ជាក់ថា ក្រៅពីដាក់ការហាមឃាត់មិនឲ្យកូនបំណុល លក់ ឬដាក់បញ្ចាំ ក៏ដូចជាធ្វើអំណោយលើទីទំនាស់នោះ ក៏បានធ្វើការបញ្ជាក់ទៀតថា រាល់ សំណង់ទាំងឡាយដែលមាននៅលើទីតាំងដីទំនាស់ ត្រូវតែធ្វើការរុះរើចេញវិញឲ្យអស់ដោយគ្មានការតវ៉ា។ ក្នុងពេលចុះអនុវត្តន៍ នាព្រឹកថ្ងៃទី០៦​ ខែធ្នូ ឆ្នាំ២០១៩ នេះ ដំបូងឡើយ ក៏មានភាគីខាង លោក ស្រី យូ​ ចន្ថា រូមនឹងប្រជាពលរដ្ឋមួយចំនួនផ្សេងទៀតដែលសុទ្ធសឹង លោកស្រី យូ​ ចន្ថា ពឹងពាក់ឲ្យមកជួយធ្វើការតវ៉ានោះមានសភាពខ្លាំងគួរសមដែរ ប៉ុន្តែមិនអាចទៅរូច។​ ជាលទ្ធផល លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលចាញ់បោកមេខ្សល់មកទិញដីលើដីទំនាស់ និងបោះបង្គោលរបងថ្មជាច្រើននៅលើទីតាំងដីទំនាស់នេះ ត្រូវបានគណៈកម្មការចម្រុះធ្វើការរុះរើអស់គ្មានសល់។

ជុំវិញការអនុវត្តន៍ដីការក្សាការពារខាងលើនេះ ក៏មានការិះគន់ពីសំណាក់មហាជនជាច្រើនផងដែរ ដោយបានលើកឡើងថា ជាធម្មតាដីការក្សាការពារ គឺមានអំណាចត្រឹមតែធ្វើការហាមឃាត់ទៅលើកូនបំណុលមិនឲ្យលក់ឬបញ្ចាំ ឬក៏ធ្វើជាអំណោយ ជាដើម…​ ពោលគឺ រក្សាអ្វីគ្រប់យ៉ាងដែលនៅលើដីទំនាស់ឲ្យស្ថិតក្នុងសភាពដើម។ ផ្ទុយទៅវិញដីការក្សាការពារនេះ បែរមានអំណាចអនុវត្តន៍ រុះរើ វាយកម្ទេចផ្ទះសម្បែងរបស់កូនបំណុលអស់គ្មានសល់ ចំណុចនេះ កូនបំណុលនិយាយថា ជាអំពើអយុត្តិធម៌សំរាប់ពួកគាត់ ពីព្រោះវាជា ដីការក្សាការពារ មិនមែនជាសាលក្រមស្ថាពរទេ។

ជាមួយនឹងការលើកឡើងខាងលើ លោក អ៊ឹម សុភ័ក្រ្ត ជាប្រធានអាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ បានឆ្លើយតបថា​ អ្វីដែលតុលាការសម្រេចរុះរើសំណង់នៅលើដីទំនាស់នេះ ដោយតុលាការយល់ឃើញថា ទីតាំងដីទំនាស់នេះ​ ដើមឡើយមុនពេលកើតមានការប្តឹងផ្តល់ គឺនៅលើដីទំនាស់មិនមានសំណង់អ្វីទាំងអស់ តែក្រោយមកស្រាប់តែកើតមានសំណង់ជាហូរហែ និងមានការពុះដីឡូត៏លក់ពីមួយទៅមួយពីសំណាក់ក្រុមបក្ខពួកកូនបំណុល ជាហេតុធ្វើឲ្យដំណើរការនិតីវិធីអនុវត្តន៍ច្បាប់មានភាពស្មុកស្មាញ ទើបសាលាដំបូងសម្រេចធ្វើការុះរើនូវសំណង់ទាំងនោះចោល ដើម្បីរក្សាស្ថានភាពទីតាំងដីទំនាស់ឱ្យស្ថិតនៅសភាពដើមវិញ​ រង់ចាំសវនាដល់អង្គសេចក្ដី និងឈានដល់ចេញដីសាលក្រមស្ថានពរតាមនិតីវិធីនៃច្បាប់​ រូចរាល់ទើបភាគីដែលឈ្នះក្តីមានសិទ្ធិពេញលេញ នៅលើទីតាំងដីទំនាស់នេះ។

បើតាមមហាជនបន្តថា ចំពោះសំណុំរឿងនេះ កូនបំណុលអាចប្តឹងតវ៉ាទៅតុលាការកំពូលបាន ហើយនៅទីបញ្ចប់បើតុលាការកាត់ ឬក៏សម្រេចអោយភាគីកូនបំណុលជាអ្នកឈ្នះក្តីនោះ ម្ចាស់បំណុលដែលមានលោក បាញ់​ សៀមអាន ត្រូវតែសងរាល់ការខូចខាតនេះ ទៅតាមភាពជាក់ស្តែង​ និងកំណត់ហេតុនៃការចុះរុះរើទៅអោយកូនបំណុលវិញ។

បើតាមលោក បាញ់ សៀមអាន បានអះអាងថា លោកជាម្ចាស់ដីដែលមានទំនាស់ជាមួយ ឈ្មោះ ទក ផាន ឈ្មោះ ច្រឹក យឿន ឈ្មោះ សួន រ៉ាម៉ូ និងឈ្មោះ ផាត់ ភិរម្យ បានបញ្ជាក់ថា ដីរបស់លោកមានប័ណ្ណ សម្គាល់សិទ្ធិចំនួន ៤ ប័ណ្ណ ៖ ទី១ – លេខ ពន ០០៦១៧១ (A,0889) ទី២- លេខ ពន ០០៦១៧២ (A,0890)​ ទី៣- លេខ ពន ០០៥៣២៤ (A,0814)​ ទី៤- លេខ ពន ០០៥៩៨៥ (A,0866) ដីដែលមានទីតាំងស្ថិតនៅមណ្ឌល ១ សង្កាត់លេខ១ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ (បច្ចុប្បន្ន ភូមិ ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ )។

លោក បាញ់ សៀមអាន បន្ថែមថា ចំពោះឈ្មោះ សួន រ៉ាម៉ូ ដែលបានធ្វើការរំលោភយកដីរបស់លោកនេះ គឺបានអះអាងថា មានដីទំហំ ៨០០០ម៉ែត្រការ៉េ ប៉ុន្តែមិនឃើញមាន ឯកសារអ្វីមកបញ្ជាក់នៅតុលាការនោះឡើយ បែរជាកាត់ដីរបស់លោកពុះជាឡូតិ៍តូចៗលក់បន្តទៅឱ្យអ្នកដទៃ ដោយមានតែ កិច្ចសន្យាការផ្ទេរសិទ្ធិមួយច្បាប់ប៉ុណ្ណោះ។ លោកបញ្ជាក់ថា ចំណែកឯលោកស្រី យូ ចន្ថា បានចូល មកបំពាន់ដីកម្មសិទ្ធិរបស់ខ្ញុំ ក៏មិនមានឯកសារអ្វីដាក់ជូនតុលាការដែរ គឺគ្រាន់តែអះអាងថា ខ្លួនបាន ទទួលដីទំហំកន្លះហិកតា ពីឈ្មោះ ទក ផាន និង ឈ្មោះ ច្រឹក យឿន នៅពេលដែលខ្លួនជួយអន្តរាគមន៍ លើអ្នកទាំង២នេះប្ដឹងផ្ដល់ជាមួយអ្នកផ្សេងឈ្នះក្ដីតែប៉ុណ្ណោះ។

ដោយឡែក សំរាប់ លោកស្រី យូ​ ចន្ថា បានធ្វើការបញ្ជាក់ថា ដីដែលកំពុងមានទំនាស់នេះ ជាដីមាន កម្មសិទ្ធិស្របច្បាប់ និងមានព្រំប្រទល់ដល់អូរ និងមិនមានអ្វីពាក់ព័ន្ធជាមួយដីមានបណ្ណ័កម្មសិទ្ធិរបស់ លោក បាញ់ សៀមអាន​ ​នោះទេ ហើយដីការក្សាការពារមកអនុវត្តន៍វាយកម្ទេចផ្ទះគាត់នាពេលនេះ វាជារឿងអយុត្តិធម៌ខ្លាំងណាស់។ ជាមួយគ្នានេះសំរាប់ លោក ទក ផាន វិញ​ ក៏ដូចលោក ច្រិក យឿន ដែរ​ បានបញ្ជាក់ថា ពួកគាត់ពិតជាបានកាត់ដីកន្លះហិកតាទៅឲ្យលោកស្រី យូ​ ចន្ថា ពិតមែន គឺកាត់ចេញពីដីមានបណ្ណ័កម្មសិទ្ធិស្រប់ច្បាប់ មិនមានពាក់ព័ន្ធជាមួយដីលោក បាញ់​ សៀមអាន​ ឡើយ។

លោក ឈិត សុផាត ចៅសង្កាត់លេខ០១ បានបញ្ជាក់អះអាងថា ដីទំនាស់នេះ គឺជាដីរបស់លោក បាញ់​ សៀមអាន ពិតប្រាកដមែន ហើយកាលនោះ ទីតាំងដីនោះពីមុនស្ថិតនៅភូមិ០១ (ឬហៅថាមណ្ឌល០១) ឯដី​ ច្រឹក យឿន និង ទក ផាន ជាប់ជាមួយដីលោក បាញ់​ សៀមអាន ដែលជាដីស្ថិតក្នុងតំបន់អនុក្រិត្យ៧៦ នៅឆ្នាំ១៩៩៩។ ដោយឡែកចំពោះការចុះហត្ថលេខាលើកិច្ចសន្យារបស់ប្រជាពលរដ្ឋ គឺធ្វើឡើងតាមការព្រមព្រៀងរវាងភាគីទាំងសងខាងទេ ខាងសាលាសង្កាត់ពុំបានអះអាងថា ដីនេះជាដីកម្មសិទ្ធិពិតប្រាកដរបស់ភាគី សួន​ រ៉ាម៉ូ និង ផាត់ ភារម្យ នោះឡើយ។

ជុំវិញបញ្ហាទំនាស់ដីធ្លីខាងលើនេះ ប្រជាពលរដ្ឋរស់តំបន់ (RCI) ដែលដឹងរឿងពិតបាននិយាយប្រាប់ ឲ្យដឹងដែរថា​ តាមពិត លោកស្រី យូ​ ចន្ថា បើសិនជាគាត់ធ្វើការគ្រប់គ្រងដីតាំងពីដើមមកទំហំត្រឹម កន្លះហិកតាដែលលោក ច្រិក យឿន និង លោក ទក ផាន កាត់ឲ្យនោះ វាមិនបញ្ហាទេ តែលោកស្រី យូចន្ថា មិនត្រឹមគ្រប់គ្រងដីរបស់ខ្លូននោះទេ បែរជាមានកំនិតលោភលន់វាតទីយកដីផ្នែកខាងក្រោយដែលមិនមែនជាដីរបស់ខ្លួនជិត១ហិកតាថែមទៀត​ ជាហេតុបង្កឱ្យប៉ះពាល់លើដីមានកម្មសិទ្ធិរបស់លោក​ បាញ់​ សៀមអាន​ ក៏កើតមានការប្ដឹងផ្ដល់តែម្ដងទៅ​ ហើយមូលហេតុដែលលោក​ បាញ់​ សៀមអាន​ ប្ដឹងលោក​ ច្រឹក​ យឿន​ និងលោក​ ទក​ ផាន​ គឺដោយសារលោកស្រី​ យូ​ ចន្ថា​ យកប្លង់កម្មសិទ្ធិរបស់ពួកគាត់​ធ្វើជាអំណះអំណាងក្នុងទំនាស់រំលោភវាតយកដីបន្ថែម៕​ iDol Media .