សំណុំ​រឿង​ប៉ុន​ប៉ង​មនុស្ស​ឃាត​​ និង​សូក​ប៉ាន់​តុលាការ​ ៥ម៉ឺន​ដុល្លារ​​ មហា​ជន​សូម​ឱ្យ​ដើម​បណ្ដឹង​បញ្ចេញ​ឯក​សារ​ ភស្ដុតា​​ និង​សាក្សី​បន្ថែម!​

0
304

ក្រោយពីតាមដាន លើករណី​ លោក ស៊ីម ឈីវឈានពិសិដ្ឋ  ដែលប្ដឹងចោទ ប្រធានសហគមន៍កសិកម្មម្នាក់ពីបទមនុស្សឃាតគិតទុកជាមុន​ និងប្ដឹងចោទថ្នាក់ចៅសង្កៅ២នាក់​ យកលុយ៥ម៉ឺនដុល្លារទៅសូកប៉ាន់តុលការខេត្តសៀមរាប​ កុំឱ្យចាត់នីតិវិធីនោះ​ គឺមហាជនសូមឱ្យ លោក ស៊ីម ឈីវឈានពិសិដ្ឋ ​ បញ្ចេញឯកសារ និងភស្ដុតាង បន្ថែមទៀត​ ដើម្បីឱ្យមានមូលដ្ឋានរឹងមាំក្នុងការដំណើរការរឿងក្ដី​ ខណៈការប្ដឹងរបស់នាពេលនេះ បែរជាទទួលលទ្ធផលអយុត្តិធម៌ចំពោះរូបលោកទៅវិញ។​

សូមកត់សម្គាល់ថា​ នាពេលថ្មីនេះ​ លោក ស៊ីម ឈីវឈានពិសិដ្ឋ ស្នាក់នៅក្រុងសៀមរាប​ ខេត្តសៀមរាប​ បានដាក់ពាក្យប្ដឹងទៅតុលាការខេត្តសៀមរាប​ និងអង្គភាពប្រឆាំងអំពើពុករលួយ ៖

១-​ គង់ មង្គល ប្រធានសហគមន៍កសិកម្មប្រើប្រាស់ទឹកទំនប់៧៨ជ្រាវ រួមជាមួយនឹងសមាជិកសហគមន៍របស់ខ្លួនជាច្រើននាក់ប៉ុនប៉ងមនុស្សឃាតគិតទុកជាមុនមកលើរូបលោក ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១១៦ ចុះថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០១៩។ ​

២-​ ករណីដែលលោក គង់ មង្គល សមគំនិតគ្នាជាមួយលោក ក្ដោប រ៉ន ចៅសង្កាត់ជ្រាវ​ និងលោក គង់ ប៊ីប ចៅសង្កាត់រងទី១ សង្កាត់ជ្រាវ យកប្រាក់ចំនួន៥ម៉ឺនដុល្លារ ទៅឲ្យលោក អ៊ូ ផន ក្រឡាបញ្ជីដើម្បីយកប្រគល់ជូនលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និង លោក ងួន ណារ៉ា អតីតប្រធានសាលាដំបូងខេត្តសៀមរាប (បច្ចុប្បន្នជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ)​ ដើម្បីតម្កល់សំណុំរឿងព្រហ្មទណ្ឌលេខ១១៦ ចុះថ្ងៃ៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ របស់សាលាដំបូងខេត្តសៀមរាប ទុកឥតចាត់ការ។

ជាការឆ្លើយតបរបស់តុលាការខេត្តសៀមរាប​ និងអង្គភាពប្រឆាំងអំពើពុករលួយ​ បានឱ្យដឹងថា​​ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានធ្វើការស៊ើបអង្កេត និងបានសម្រេចចេញដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ លេខ ៨៤៥ ចុះថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩។ ក្រោយមកទៀត ចៅក្រមស៊ើបសួរបានចេញដីកាបញ្ជូនរឿងឲ្យពិនិត្យលេខ ៦២១៤/១៩ចុះថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩​ របស់ចៅក្រមស៊ើបសួរ រួចហើយ។

តាមរយៈចំណាត់ការលើសំណុំរឿងនេះ បានបង្ហាញថា អយ្យការអមសាលាដំបូងខេត្តសៀមរាប និងចៅក្រមស៊ើបសួរបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយយកចិត្តទុកដាក់ខ្ពស់តាមនីតិវិធីរួចហើយ។

ដំណើរការលើបណ្ដឹងចុងក្រោយនេះទៀត​ អង្គភាពប្រឆាំងពំពើពុករលួយ (ACU) បានចេញលិខិតមួយច្បាប់បញ្ជាក់ថា​ ហេតុនេះការចោទប្រកាន់របស់លោក​ លោក ស៊ីម ឈីវឈានពិសិដ្ឋ  ទៅលើ លោក គង់ មង្គល ថា​ បានសមគំនិតគ្នាជាមួយលោក ក្ដោប រ៉ន និងលោក គង់ ប៊ីប ដើម្បីយកប្រាក់ចំនួន ៥ម៉ឺនដុល្លារ ឲ្យលោកក្រឡាបញ្ជី អ៊ូ ផន ដើម្បីយកបន្តទៅឲ្យលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងលោក​ ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តសៀមរាប ដើម្បីតម្កល់រឿងទុកឥតចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១១៦ ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នោះ គឺមិនពិតដូចការចោទប្រកាន់ទេ (មើលលិខិតមួយច្បាប់បញ្ជាក់របស់អង្គភាពប្រឆាំងពំពើពុករលួយ = ACU)។​

ពាក់ព័ន្ធនឹងករណីនេះ​ មហាជនកំពុងតែធ្វើការតស៊ូមតិថា​ ដ្បិតតុលាការខេត្តសៀមរាប បានចាត់នីតិវិធីទៅលើសំណុំរឿង របស់លោក ស៊ីម ឈីវឈានពិសិដ្ឋ មែន​ ,​ ហើយអង្គភាពប្រឆាំងអំពើពុករលួយរកមិនឃើញតម្រុយ ពុករលួយ៥ម៉ឺនដុល្លារនោះយ៉ាងណាក៏ដោយ​ ក៏គួរណាស់តែបន្តនីតិវិធីឱ្យដល់អង្គសេចក្ដី​ ព្រោះថា ពេលនេះសំណុំរឿងរបស់គាត់​ ហាក់ដូចជាទទេស្អាត​ គ្មានបានយុត្តិធម៌សម្រាប់គាត់សោះ​។​

មហាជនលើកទឹកចិត្ត​ សូមឱ្យ លោក ស៊ីម ឈីវឈានពិសិដ្ឋ បញ្ចេញឯកសារ ភស្ដុតា​ និងសាក្សី ឱ្យដឹងមាំបន្ថែមទៀត​ ចាំមើលមានភស្ដុតាង ឯកសារ និងសាក្សីគ្រប់គ្រាន់ហើយ តើលោកទទួលបានភាពអយុត្តិធម៌ឬយ៉ាងណា?៕​