តួនាទី​សមាជិក​ ឃុំ-​​សង្កាត់​ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ គ្មាន​ថ្ងៃ​ទទួល​បាន​វិញ​ឡើយ​!​​

0
414

ខណៈខាងផ្លូវតុលាការបន្ធូរបន្ថយឱ្យ លោក​ កឹម​ សុខា​ អតីតប្រធានគណបក្សសង្គ្រោះជាតិ មានសេរីភាពដើរហើរក្នុងប្រទេសប៉ុន្មានថ្ងៃនេះ​ ក៏មានមជ្ឈដ្ឋានខ្លះលើកឡើងថា​ តួនាទីក្រុមប្រឹក្សាឃុំ-​សង្កាត់​ ត្រូវតែប្រគល់ឱ្យគណបក្សសង្គ្រោះជាតិវិញ​ ព្រោះលោក​ កឹម​ សុខា​ បានរួចខ្លួនទៅហើយនោះ តែឥឡូវនេះ​ ដឹងច្បាស់ហើយ គឺអត់ទេ។​

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តួនាទីសមាជិក ឃុំ-​សង្កាត់ របស់អតីតគណបក្សសង្គ្រោះជាតិ គ្មានថ្ងៃទទួលបានវិញឡើយ​ ក្រោយបក្សរបស់ពួកគេត្រូវបានរំលាយកាលពីឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បានឆ្លើយតបអំពីបញ្ហានេះ គ្រាដែលសម្ដេចអញ្ជើញជាអធិបតី​ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្ស​ សរុប១.៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។​  

សម្តេចតេជោ ហ៊ុន​ សែន​ បានបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សា​ ឃុំ-​សង្កាត់ អាណត្តិថ្មីនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២២ ខណៈការបោះឆ្នោតតំណាងរាស្ត្រនឹងធ្វើឡើងនៅ​ ខែកក្កដា ឆ្នាំ២០២៣។ ចំណែកដំណើរការរឿងក្តីរបស់លោក កឹម សុខា មិនអាចប្រើរយៈពេលមួយថ្ងៃ ពីរថ្ងៃ មួយខែ ឬពីរខែ បាននោះឡើយ គឺត្រូវប្រើរយៈពេលវែង។​

គួរបញ្ជាក់ថា​ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ លក្ខខណ្ឌថ្មីនេះ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕​