លោក​ កឹម​​ សុខា​​ បន្ទាប់​ពី​តុលាការ​បើកផ្លូវ​ឱ្យ​ដើរ​ហើរ​ខ្លះ​ ជួប​ភ្ញៀវ​ការ​ទូត​ជា​បន្ត​បន្ទាប់​​ តែ​មិន​និយាយ​នយោបាយ!​​

0
165

លោក កឹម​ សុខា​ បន្ទាប់ពីត្រូវបានពន្លាតដីឱ្យដើរហើរក្នុងប្រទេសកម្ពុជា​តាមផ្លូវតុលាការនោះ​ ប៉ុន្មានថ្ងៃមកនេះ​ បានជួបពិភាក្សាជាមួយអគ្គរដ្ឋទូតបារាំង និងអាមេរិក ជាបន្តបន្ទាប់​ ហើយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបន្តទទួលជួប ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ និង ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា។

បើតាមការប្រកាសរបស់ លោក មុត ចន្ថា នាយកខុទ្ទកាល័យ លោក កឹម សុខា បានឱ្យដឹងថា​ ជំនួបទាំង២នេះធ្វើឡើងនៅគេហដ្ឋានលោក កឹម សុខា ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងនោះជួបជាមួយ ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ នៅម៉ោង ០៩:៣០ ព្រឹក និងជួបជាមួយ ឯកអគ្គរាជទូតអូស្រ្តាលី នៅម៉ោង១៖៣០នាទីរសៀល។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយលក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ លក្ខខណ្ឌថ្មីនេះ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច។

ក្នុងជំនួបជាមួយអគ្គរដ្ឋទូតបារាំង និងអគ្គរដ្ឋទូតអាមេរិក កាលពីម្សិលមិញ ភាគីទាំងអស់បានចែករំលែកបទពិសោធន៍ និងសួរសុខទុក្ខគ្នាទៅវិញទៅមក ដោយមិនបានពិភាក្សាអំពីបញ្ហានយោបាយនោះឡើយ៕