លោក ថោង​​ សារ៉ាត់​​ និង​មនុស្ស​របស់​ខ្លួន​៣​នាក់​ទៀត​​ បាន​រស់​នៅ​ក្រៅ​ឃុំ​ហើយ​…​​ តើ​ពួក​គេ​ជាប់​គុក​ប៉ុន្មាន​ឆ្នាំ?​​

0
222

លោក ថោង សារ៉ាត់​ និងបក្ខពួករបស់លោក មានសំណាងទទួលបានសេរីភាពរស់នៅក្រៅឃុំវិញហើយ​ បើយោងតាមការប្រកាសរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩​, អ្នកដែលត្រូវដោះលែងឲ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ន មានចំនួន៤នាក់ ក្នុងនោះរួមមាន ទី១៖ ថោង សារ៉ាត់, ទី២៖ ហួយ ចាន់ថុល, ទី៣៖ មាស សម្បត្តិ ហៅ ទូច និង ទី៤៖ ឈ្មោះ ឃុន ចិត្រា , លើកលែងតែឈ្មោះ​ សៀង​ វាសនា​ ជាជនដៃដល់​ មិនត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំនោះទេ។​  

ការអនុញ្ញាតឱ្យរស់នៅក្រៅឃុំនេះ​ ដោយតុលាការបានដាក់លក្ខខណ្ឌ៤ចំណុចដូចខាងក្រោម៖

១-​ ជនជាប់ចោទមិនត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការអនុញ្ញាតពីតុលាការ។
២-​ ហាមផ្លាស់ប្តូរលំនៅដ្ឋាន។
៣-​ ត្រូវបង្ហាញខ្លួននៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញរៀងរាល់សប្តាហ៍ទី១ រៀងរាល់ខែ ។
៤-​ ចូលបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចដែលចាត់តាំងដោយតុលាការ ។

ក្រុមប្រឹក្សាជំនុំជម្រះយល់ថា មានភាពចាំបាច់ត្រូវធ្វើការអង្កេតបន្ថែម ដើម្បីជាប្រយោជន៍យុត្តិធម៌នៃសំណុំរឿង និងបានសម្រេចចាត់របៀបស៊ើបអង្កេតថ្មីទៀត ហើយការស៊ើបសួរបន្ថែម​ អាចត្រូវការរយៈពេលយូរបន្ថែមទៀត ដោយសារសំណុំរឿងនេះមានលក្ខណៈស្មុគ្រស្មាញ​។

ក្រុមប្រឹក្សាយល់ថា ការឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះ ដោយសារពុំមានតម្រុយភស្តុតាងណាមួយ ដែលបញ្ជាក់ពីមូលហេតុចាំបាច់នៃការឃុំខ្លួនបណ្តោះអាសន្នតាមមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌទេ។​ ម៉្យាងក្នុងចំណោមជនជាប់ចោទទាំង០៤នាក់នេះ​ ក៏មានជនជាប់ចោទដែលមានសុខភាពទ្រុឌទ្រោម គប្បីមានភាពងាយស្រួលក្នុងការថែទាំព្យាបាល ដោយពេទ្យជំនាញឯកទេសផងដែរ។

សូមបញ្ជាក់ថា លោក ថោង សារ៉ាត់ និងបក្ខពួកចំនួន៤នាក់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ឧកញ៉ា អ៉ឹង ម៉េងជឺ​ ប្រព្រឹត្តិឡើងកាលវេលាម៉ោង៧៖១៨នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈពេលលោកឧកញ៉ាចុះពីរថយន្ត ឡិចស៊ីស៥៧០ ដើម្បីទៅទិញផ្លែឈើនៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ (សរុបទៅ ពួកគេជាប់គុកជិត៥ឆ្នាំ)៕