លោកព្រះ ?!​ ក្រុម​មន្ត្រី​ស្មោះ​ត្រង់​បង្ហើប​ថា​ លោក​​ ជឹម​ រតនៈ​​ កូនលោក​ឧកញ៉ា​ ជឹម​ សុខ​​ រួច​ចេញ​ពីគុក​បាត់​ទៅហើយ…​

0
555

លោក​ ជឹម រតនៈ អតីតជា​អធិការរង​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​ និង​ត្រូវជា​កូនប្រុស លោក​ឧកញ៉ា ជឹម សុខ​ មនុស្សខ្លាំងក្នុងខេត្តព្រៃវែង​ ដែលបាញ់មនុស្សស្លាប់ស្រស់ៗយកលេសចោទថាជាលួចរថយន្ដកាលពីចុងខែមីនា​ ឆ្នាំ២០១៩នេះ​ តាមប្រភពពីមន្ត្រីស្មោះត្រង់​ បានឱ្យដឹងថា ត្រូវបានមន្ត្រីខិលខូចពុករលួយ​ ដោះលែងចេញពីគុកបាត់ទៅហើយ​ ខណៈបទល្មើសមនុស្សឃាត ត្រូវជាប់ពន្ធគារពី១០​ ទៅ​ ១៥ឆ្នាំ​ឯណោះ​ …​ មហាជនកើតក្ដីក្ដៅក្រហាយជាខ្លាំង​ ហេតុក៏មានមន្ត្រីអាក្រក់ៗបំពានច្បាប់បែបនេះ​ បានរួចផុតពីទោសកំហុសដ៏ធំ?​

សូមបញ្ជាក់ថា​ លោក​ ជឹម រតនៈ អតីតជា​អធិការរង​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​ និង​ត្រូវជា​កូនប្រុស លោក​ឧកញ៉ា ជឹម សុខ​ បានប្រើកណ្ដាប់ដៃឃោរឃៅបាញ់មនុស្សស្លាប់​ក្នុង​ថ្លុក​ឈាម​ នៅ​ក្នុង​រថយន្ត​ ខណៈពេល​ដែលខ្លួនទទួលពាក្យបណ្ដឹងតាមទូរស័ព្ទថា ចោរកំពុងលួចរថយន្ដបើករត់គេចខ្លួន ហើយក្រុមខ្លួនក៏ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ជា​ចោរលួច​រថយន្តនោះ​ ដោយ លោក​ ជឹម រតនៈ បានដេញស្ទាក់ជាប់ និងបាញ់ជនរងគ្រោះដោយផ្ទាល់ដៃតែម្ដង គឺជំទែងបាញ់១០គ្រាប់ស្រោចទៅក្នុងរថយន្ដព្រូសដែលជនរងគ្រោះកំពុងជិះ។  

ហេតុការណ៍​បាញ់ប្រហារក្នុងនាមជាសមត្ថកិច្ចក្លាយទៅជាជនយូកូងនេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​យប់ ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​សណ្ដែក ឃុំ​រក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ ករណីបាញ់សម្លាប់មនុស្សពីសំណាក់សមត្ថកិច្ច ដោយ​ លោក​ ជឹម​ រតនៈ​ នេះ គឺសម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ ក៏សម្ដែងការថ្កោលទោស និងសោកស្ដាយជាខ្លាំង។​ ​

ជនរងគ្រោះ​ ដែល​ស្លាប់មានឈ្មោះ យ​ន សាវុធ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ រស់នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ (ជាម្ចាស់រថយន្ដម៉ាក​ព្រូស ​ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF2679 ទិញបង់រំលស់នៅខ្វះតែ៣០០០ដុល្លារទៀតតែប៉ុណ្ណោះ ត្រូវគេចោទថាលួចរថយន្ដ) និង​ម្នាក់​ទៀត ​ឈ្មោះ វ៉ាន ខេមរិន ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង រង​របួស ​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន។

ទាក់ទិននឹងអំពើមនុស្សឃាតដ៏ព្រៃផ្សៃនេះ​ នៅ​ល្ងាច​ថ្ងៃ​ទី​២៨​ ខែ​មីនា ​ឆ្នាំ​២០១៩ លោក​ ​កែ សា​ខន អនុប្រធាន​សាលាដំបូង​ខេត្ត​ព្រៃវែង និងចៅក្រម​ស៊ើបសួរ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​៥​នាក់ ដោយ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន។

ជនជាបចោទ​ខាង​លើ គឺ​ទី​១​-ឈ្មោះ ជឹម រត​នៈ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​ អតីតជា​អធិការរង​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​ និង​ត្រូវជា​កូនប្រុស លោក​ឧកញ៉ា ជឹម សុខ​ និង​ ២-ឈ្មោះ ជឹម វិ​ន ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ត្រូវជាក្មួយរបស់លោកឧកញ៉ា​ ជឹម​ សុខ​, ​អ្នក​ទាំងពីរ ជាប់ចោទ​ពី​បទ​ឃាតកម្ម​ និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ដែល​បាន​ប្រព្រឹត្ត នៅ​ភូមិ​គោក​សណ្ដែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង កាលពី​វេលា​ម៉ោង​២៣​​យប់​ ថ្ងៃទី​២៣ ​ខែ​មីនា ​ឆ្នាំ​២០១៩ ​តាម​ មាត្រា១៩៩​ នៃ​ក្រម​ព្រហ្មទណ្ឌ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់ពី​១០ ​ទៅ​១៥​ឆ្នាំ។

ដោយឡែក​ជន​ត្រូវ​ចោទ​៣​នាក់​ទៀត​ គឺ​ ទី​១-ឈ្មោះ សេង ឈិន ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ជា​ម្ចាស់​បណ្ដឹង​ ដែល​ផ្ដល់ព័ត៌មាន​មក​ ឈ្មោះ ផាន់ សុ​ឌី ឲ្យ​ជួយ​ចាប់​ចោរ​លួច​ឡាន។ ​ទី​២-ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បច្ចុប្បន្ន​ជាជាង​ជួសជុល​ឡាន​នៅ​ភ្នំពេញ​​ និង​ទី៣-ឈ្មោះ ភាព ផានី ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ ជា​ពលរដ្ឋ​នៅ​ឃុំ​កំពង់​សឹង អ្នកផ្ដល់​ព័ត៌មាន​មក​ប៉ូលិស​។ អ្នក​ទាំងបី ជាប់ចោទ​ពីបទ ប្ដឹង​បរិហារ​បង្កាច់​កេរ្តិ៍ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​គោក​សណ្ដែក ឃុំ​រក្សជ័យ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង កាលពី​វេលា​ម៉ោង​២៣​និង​០០​យប់​ថ្ងៃ​ទី​២៣​ ខែ​មីនា ​ឆ្នាំ​២០១៩ តាម​មាត្រា​ ៣១១ , ៣១២ និង ​មាត្រា​៤៩៥​ នៃ​ក្រមព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​ផ្ដន្ទាទោស​ពី​១​ខែ ​ទៅ​១​ឆ្នាំ​ និង​ពិន័យ​ជា​ទឹកប្រាក់​ពី​១​សែន​ ទៅ​២​លាន​រៀល។

វិលមកមើលការដោះលែង​ លោក​ ជឹម​ រតនៈ​ ជនដៃដល់ខាងបាញ់មនុស្ស​វិញ​ តាមមន្ត្រីស្មោះត្រង់បានឱ្យដឹងទៀតថា គុកនៅខេត្តព្រៃវែង​ អាចឃុំខ្លួន​ លោក​ ជឹម​ រតនៈ​ កូនលោក ឧកញ៉ា ជឹម​ សុខ បានតែប្រមាណ២ខែប៉ុណ្ណោះ​ ក៏រួចចេញពីគុកយ៉ាងរំភើយ​ គឺរួចចេញពីគុកតាំងពីចុង ខែឧសភា ឆ្នាំ២០១៩​ មានន័យថា ជាប់គុកបានប្រហែលតែ២ខែប៉ុណ្ណោះ។​

ព័ត៌មានក្ដៅមួយនេះ​ គ្រាន់តែជាការបង្ហើបឱ្យដឹងរបស់មន្ត្រីស្មោះត្រង់ប៉ុណ្ណោះ​ iDol  Media ចាត់ទុកថា ជាការជូនដំណឹងទៅថ្នាក់លើពិនិត្យពិចារណា និងមិនមានចេតនាណាមួយចោទប្រកាន់មន្ត្រីពន្ធនាគារ​ និងមន្ត្រីតុលាការ បានគប់គិតគ្នាធ្វើការដោះលែង លោក​ ជឹម​ រតនៈ ឱ្យរួចចេញពីពន្ធនាគារនោះទេ​,​ តែការពិតយ៉ាងណានោះ ត្រូវពឹងលើថ្នាក់លើនៃក្រសួងមហាផ្ទៃ , អគ្គនាយកដ្ឋានពន្ធនាគារ , ស្ថាប័នតុលាការ , អង្គភាពប្រឆាំងអំពើពុករលួយ,​ និងស្ថាប័នពាក់ព័ន្ធដទៃទៀត​ ស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ​ ទើបអាចដឹងថា​ ការពិតយ៉ាងណានោះ?​!!​

ករណីនេះ iDol Media រង់ចាំការបំភ្លឺបកស្រាយដោយរីករាយ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ខាងពន្ធនាគារខេត្តព្រៃវែង​​ និងមន្ត្រីតុលាការខេត្តព្រៃវែងផងដែរ​ ហើយយើងសន្យាថា ប្រសិនបើភាគីប្រជាពលរដ្ឋ​ និងក្រុមមន្ត្រីស្មោះត្រង់ មានព័ត៌មានច្បាស់ការណ៍យ៉ាងណាទៀតនោះ យើងក៏នឹងផ្សាយជាបន្តទៀតផងដែរ៕​ (ផ្សាយពាណិជ្ជកម្ម​ និងព័ត៌មានផ្សេងៗ Tel : 011 70 37 37 , 097 9000 160.)​​

 ​