ភស្តុតាង​មាន​ច្បាស់​ហើយ​​ គឺសំឡេង​​ និងខ្សែ​អាត់​វីដេអូ​!​ លោក​ លឹម​ ហាក់ ​កំពុង​ភ័យ​ខ្លួន​ ខណៈ​ ACU​​ កំពុង​ចាត់​ការ​

0
173

មហាជនសាទរចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ( ACU )​ រកឃើញ លោក លឹម ហាក់ មន្ត្រីអាវុធហត្ថខេត្តកំពង់ឆ្នាំង ពិតជាមានទទួលយកលុយពីម្ចាស់រថយន្ដអត់ពន្ធ ចំនួន៥ពាន់ដុល្លារ ដូចការផ្សព្វផ្សាយ​ និងដូចអ្វីដែលជនរងគ្រោះប្ដឹងមែន​ តែ ACU កំពុងសិក្សាថា តើការទារប្រាក់-ការទទួលប្រាក់នេះ​ យ៉ាងដូចម្តេចខ្លះ?​ ដើម្បីមានមូលដ្ឋានបន្តនីតិវិធីបើក ឬ មិនបើកការស៊ើបអង្កេតករណីនេះ ។

ការទទួលស្គាល់របស់ ACU នេះ​ បញ្ជាក់ក្នុងសេចក្តីជូនដំណឹងមួយនៃកិច្ចប្រជុំលើកទី៥១ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩​  នៅត្រង់ចំណុចទី៧ បានបញ្ជាក់ថា « ករណីចោទប្រកាន់ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងថា​ បានយកលុយពីម្ចាស់ឡាន ដែលត្រូវឃាត់ទុក ។ ការស្រាវជ្រាវ បង្ហាញថា ពិតជាមានការទារ  ការទទួល ប្រាក់ដូចការផ្សព្វផ្សាយមែន ។

ការប្រកាសរបស់ អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើឡើងក្រោយពី លោក ឈុន ឈីវជាតិ កាលពីថ្ងៃទី១០ ខែតុលា បានសដាក់ពាក្យបណ្តឹង ទៅស្ថាបនពាក់ព័ន្ធ ជាពិសេស​ អង្គភាពប្រឆាំងអំពើពុករលួយ  ដើម្បីមានចំណាត់ការផ្លូវច្បាប់ ។ក្រោយពីម្ចាស់ឡានដាក់ពាក្យបណ្តឹង លោកប៉េអឹម លឹម ហាក់   បានភ័យស្លន់ស្លោរត់ទៅពឹងពាក់ស្ត្រីម្នាក់ដែលស្និតស្នាលជាមួយលោក ឈុន ឈីវជាតិ  ខំជិះម៉ូតូពីចម្ងាយមកដល់ផ្ទះ ព្យាយាមសម្របសម្រួលសងសំណងចំនួន៥ពាន់ដុល្លារជាថ្នូរនឹងការឲ្យជនរងគ្រោះដកពាក្យបណ្តឹង តែដើមបណ្តឹងបដិសេធមិនទទួលយកឡើយ។​

លោក ឈុន ឈីវជាតិ​ បានអះអាងថា លោកចង់ឱ្យច្បាប់អនុវត្តទៅលើមន្ត្រីខិលខូច ដោយមានប្រជាពលរដ្ឋច្រើននាក់ណាស់ ប្រាប់លោកថា បានរងគ្រោះដូចគ្នាដោយសារមន្ត្រីប៉អឹមទាំងនេះ។ ចំណែកមហាជន​ ក៏បានអំពាវនាវស្នើសុំឱ្យ អង្គភាពប្រឆាំងអំពើពុករលួយក្ដី​ , ស្ថាប័នតុលាការ និងស្ថាប័នកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ចាត់នីតិវិធីលើករណីនេះឱ្យឆាប់ ព្រោះថា មានភស្ដុតាងច្បាស់លាស់ហើយ ដូចជា​ សំឡេង , ខ្សែអាត់វីដេអូ​ ជាដើម…​ នេះជាភស្តុតាងរឹងមាំទៅហើយ។​ ​ ​

គួរំលឹកថា​ កាលពីថ្ងៃទី២៨ ខែកញ្ញា​ ឆ្នាំ២០១៩ កន្លងទៅ ខណៈជនរងគ្រោះជិះឡានអត់ពន្ធម៉ាកឡិចស៊ីស​​ RX 330 ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2AD 0356 ក៏ត្រូវលោក លឹម​ ហាក់​ មន្ត្រីអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់រថយន្ដ​ និងមនុស្សទុកនៅក្នុងបន្ទប់ឃុំឃាំងមួយ​ ហើយនាំគ្នាប្រើល្បិចកុហកជនរងគ្រោះគ្រប់បែបយ៉ាង ដើម្បីជំរិតទារប្រាក់ចំនួន៥ពាន់ដុល្លារពីជនរងគ្រោះ ទោះពេលនោះជនរងគ្រោះឲ្យចំនួន៣៥០០ដុល្លារ​ ក៏មិនព្រមដែរ ទាល់តែគ្រប់៥ពាន់ដុល្លារទើបព្រម។

ដោយសារតែស្ថានភាពពេលនោះធ្វើឲ្យម្ចាស់រថយន្ដភ័យ​ ទើបជនរងគ្រោះបន្ដឲ្យប្រពន្ធរបស់ខ្លួនដើររកលុយគេទាល់តែគ្រប់ចំនួន៥ពាន់ដុល្លារទើបលោកប៉េអឹមទាំងពីរនាក់នោះ (លោក លឹម​ ហាក់​ និង លោក លន់ ឡន ហៅ ឡុង) យល់ព្រមនិងឲ្យគាត់ធ្វើកិច្ចសន្យា ទើបព្រមដោះលែងទាំងមនុស្ស និងរថយន្ដឲ្យមកផ្ទះវិញ។  ក្រោយមក កាលពីថ្ងៃទី១០ ខែតុលាឆ្នាំ២០១៩ លោក ឈុន ឈីវជាតិ ដែលជាជនរងគ្រោះក្នុងករណីនេះ​ ក៏បានដាក់ពាក្យបណ្ដឹងចូលតុលាការ​ និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឲ្យស្ថាប័ននេះជួយរកយុត្តិធម៌ជូនគាត់ និងដើម្បីវែកមុខរកជនខិលខូចពុករលួយដល់ខួរឆ្អឹងនេះ ដែលលោកស្គាល់ ឈ្មោះ លន់ ឡន ហៅឡុង ជាអ្នកយកលុយអោយឈ្មោះ លឹម​ ហាក់ ចំនួន៥ពាន់ដុល្លារ៕