ថៅកែ​ព្យាយាម​គេច​វេះ​មិន​ទទួល​ខុស​ត្រូវ​​រឿងក្មេងប្រុស​អាយុ៦ឆ្នាំ​ លង់​ទឹក​ស្លាប់​នៅ​សួន​​ទឹក​​កំបូល​​

0
240

ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ក្នុងចំណោមក្មេងៗជាច្រើននាក់ បានលង់ទឹកស្លាប់ ខណៈលេងនៅក្នុងសួនទឹកកំបូល យីហោ «ខេបបូឌាន វ៉ធើរ យ្យូប លេហ្សីរ ផាក» ដែលការស្លាប់នេះ​ គួរឱ្យសោកស្ដាយបំផុត​ ហើយពិតប្រាកដណាស់ថា​ ទាក់ទងនឹងការធ្វេសប្រហែសរបស់ក្រុមសន្តិសុខ ឬបុគ្គលិកការពារសណ្ដាប់ធ្នាប់នៅក្នុងទីតាំងសួនទឹកនេះ។​

ដើម្បីជាការបិទបាំងកំហុស​ ក៏ដូចជាការបិទបាំងកិត្តិយសនៃសួនទឹកនេះផ្ទាល់​ ថៅកែជនជាតិចិន បានបញ្ជាឱ្យលាក់បាំងព័ត៌មាននេះកុំឱ្យសមត្ថកិច្ច​ និងអ្នកសារព័ត៌មានដឹង​ រួចហើយបញ្ជាឱ្យបុគ្គលិកប្រញាប់ដឹកសពចេញ ប្រគល់ទៅឲ្យគ្រួសារ ដោយមិនមានសហការជាមួយសមត្ថកិច្ចអ្វីទាំងអស់។

ហេតុការណ៍ក្មេងលង់ទឹកស្លាប់នៅក្នុងសួនទឹក «ខេបបូឌាន វ៉ធើរ យ្យូប លេហ្សីរ ផាក» នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌកំបូល រហូតដល់ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ទើបបែកធ្លាយរឿងនេះ ក៏នាំគ្នាភ្ញាក់ផ្អើលឡើង។

ក្មេងប្រុសដែលស្លាប់ដោយសារការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រង នៅកន្លែងសួនទឹកខាងលើ អាយុ៦ឆ្នាំ ត្រូវបានគេដឹងថា នៅល្ងាចថ្ងៃទី២៧ ខែតុលា ក្មេងរងគ្រោះ បានទៅលេងសួនទឹកខាងលើ រួមជាមួយឪពុកម្តាយ តែដោយសារការធ្វេសប្រហែសពីក្រុមគ្រួសារផង (រវល់ហូបចុក) និងពីអ្នកគ្រប់គ្រងកន្លែងលេងទឹកខាងលើផង បណ្តាលឲ្យក្មេងនេះលង់ទឹកស្លាប់ដ៏គួរឱ្យសោកស្ដាយជាទីបំផុត។

អ្វីដែលគួរឱ្យថ្កោលទោសជាងនេះទៀតនោះ​ គឺថៅកែជនជាតិចិន បានឱ្យបុគ្គលិកដឹកយកសពក្មេងចេញ រួមទាំងក្រុមគ្រួសារទៅបាត់តែម្តង ដោយមិនបានរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ចឡើយ។ តែបើតាមប្រជាពលរដ្ឋដែលចេញចូលទីតាំងសួនទឹកកម្សាន្តខាងលើ បានឲ្យដឹងថា សួនទឹករបស់ជនជាតិចិនខាងលើ ចូលហ៊ុនគ្នា៦នាក់ សុទ្ធតែជនជាតិចិន មានស្ត្រីអ្នកបកប្រែម្នាក់ និងមានសន្តិសុខ យាមច្រកមុខ តែប៉ុណ្ណឹងទេ។

ដោយឡែក កន្លែងលេងទឹក ពុំមានបុគ្គលិក ប្រចាំការ មើលការខុសត្រូវ ផ្តល់សុវត្តិភាពដល់ក្មេងៗដែលត្រូវចុះលេងទឹកក្នុងអាងឡើយ ឲ្យតែបង់ថ្លៃ ចូលហើយគឺជាការស្រេច ក្មេងចុះលេងក្នុងអាងទឹកតាមចិត្ត ជាការប្រឈមនឹងគ្រោះថ្នាក់បំផុត ជាក់ស្ដែង គឺក្មេងប្រុសអាយុ៦ឆ្នាំនេះឯង ហើយអ្នកគ្រប់គ្រងមិនបានរាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ច ឲ្យដឹងឡើយ​ គឺជាការធ្វេសប្រហែស​ និងមានចេតនាបិទបាំង។

មកដល់ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ក្រុមអ្នកសារព័ត៌មាន បានទៅសាកសួរពីដំណើរអង្គហេតុ ដល់ចំណុចខាងលើ តែសន្តិសុខឆ្លើយថា មិនដឹង, សួរទៅសមត្ថកិច្ច ក៏ឆ្លើយមិនដឹងទៀត, ព្រោះគ្មានអ្នករាយការណ៍ ប្តឹងផ្តល់ , ឯថៅកែម្ចាស់សួនទឹក​ ព្យាយាមគេចវេះមិនទទួលខុសត្រូវ៕​