ភាគីរងគ្រោះ​ចង់ឱ្យចាត់​ការឱ្យ​លឿន!​​ តុលាការ​មិនទាន់​ចាត់​ការ​ទៅ​លើ​មន្ត្រី​អាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​​ ជំរិត​ទារ​លុយ​ពីម្ចាស់​រថយន្ដ​អត់ពន្ធ​នៅឡើយ​ទេ…​​​

0
76

មហាជនបានលើកឡើងនាពេលថ្មីនេះទៀតថា ពេលនេះមនុស្សម្នាជាច្រើន កំពុងចង់ដឹងថា តើស្ថាប័នតុលាការ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចាត់នីតិវិធីដល់ណាហើយ​ ខណៈភាគីខាងអាវុធហត្ថខេត្ត​ កំពុងចរចាសម្របសម្រួលយ៉ាងខ្លាំង​ ប៉ុន្តែភាគីរងគ្រោះដោយការជំរិតមិនព្រម គឺចង់ឱ្យស្ថាប័នតុលាការអនុវត្តតាមច្បាប់។​  

អំពើពុករលួយឈានដល់ជនរងគ្រោះដាក់ពាក្យបណ្ដឹងចូលតុលាការខេត្តកំពង់ឆ្នាំងនេះ​ ផ្ដើមចេញពីករណី លោក លន់ ឡន ហៅ ឡុង មានតួនាទីជាលេខាដ៏ស្អិតរមួតរបស់ លោក លឹម ហាក់ មន្ត្រីប៉េអឹមបម្រើការងារនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ត្រូវបានគេចោទថា បានប្រើអំណាចជាសមត្ថកិច្ចជំរិតទារលុយពីម្ចាស់រថយន្ដ Luxis 330 ជារថយន្ដអត់ពន្ធ ចំនួន៥.០០០ដុល្លារ ជាថ្នូរនឹងការដោះលែង កាលពីអំឡុងដើមខែតុលា ឆ្នាំ២០១៩​ (មានខ្សែអាត់វីដេអូ ពេលនិយាយរឿងទារលុយ)​។​ ​ 

ការបែកធ្លាយអំពើពុករលួយ និងធ្វើឱ្យមានការហួសចិត្តដល់មជ្ឈដ្ឋានទូទៅនេះ កើតឡើងនៅល្ងាចថ្ងៃទី៦ ខែតុលា​ ឆ្នាំ២០១៩​ បន្ទាប់ពីផេកហ្វេសប៊ុករបស់ លោក ផែង វណ្ណៈ បានសរសេរបង្ហោះថា បែកធ្លាយវីដេអូមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងម្នាក់ ចាប់ឡានអត់ពន្ធជំរិតយកលុយគេ ៥០០០ដុល្លារ លុះទទួលបានលុយហើយ ទើបដោះលែង។​

តើជាការពិតយ៉ាងណានោះ ល្គឹកណាតែប័នតុលាការ និងមេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ ធ្វើការស៊ើបអង្កេតក្នុងករណីនេះ ទើបច្បាស់, ហើយប្រសិនបើមានខ្សែអាត់វីដេអូ ស្ដីពីការកំហែងយក​ ឬប្រើវិធីសាស្ត្រណាមួយជំរិតទារលុយពីម្ចាស់រថយន្ដច្បាស់ទៅហើយនោះ បើស្ថាប័នមានសមត្ថកិច្ចមិនស៊ើបអង្កេត ក៏មិនមែនជាការល្អសម្រាប់សង្គមជាតិដែលមានច្បាប់ត្រឹមត្រូវនោះដែរ។

រឿងនេះ ធ្វើឱ្យមហាជនក្ដៅក្រហាយលើកឡើងថា ក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសអនុវត្តអភិក្រមទី៥ យ៉ាងក្តៅគគុក ទូទាំងប្រទេសនោះ ហេតុអ្វី លោក លឹម ហាក់ មន្ត្រីអាវុធហត្ថខេត្តកំពង់ឆ្នាំង ហ៊ានប្រព្រឹត្តិអំពើពុករលួយ ដោយទទួលលុយ៥ពាន់ដុល្លារពីម្ចាស់រថយន្ដអត់ពន្ធ ជាថ្នូរនឹងការដោះលែងបែបនេះទៅវិញ? រឿងនេះ ដំបូង​ គឺមានពលរដ្នម្នាក់ដែលជិះរថយន្ត Lexus RX 330 ពណ៌ស អត់ពន្ធនេះ​ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមក ហើយជំរិតទារលុយគេ ចំនួន៥០០០ដុល្លារ ទើបដោះលែង។

ខណៈនេះ​ ម្ចាស់រថយន្ដដែលរងនូវការកំហែងយក​ ឬរងដោយសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ឆ្នាំង​ ប្រើអំណាចជំរិតទារលុយចំនួន៥ពាន់ដុល្លារនោះ​ បានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ​ និងប្ដឹងទៅតុលាការរួចហើយ​ ប៉ុន្តែមិនទាន់ឃើញសមត្ថកិច្ចទាំងពីរស្ថាប័ននេះ ចាត់ការស៊ីជម្រៅនៅឡើយទេ, ហើយជនរងគ្រោះក៏ចង់ឱ្យសមត្ថកិច្ចទាំង២នេះ​ ចាត់ការឱ្យបានលឿនផងដែរ។​ ​

មហាជនគិតថា នេះជារឿងពិតមួយមិនអាចថា មិនចាត់នីតិវិធីនោះទេ គឺម្ចាស់រថយន្តបានឱ្យដឹងថា គ្រួសារគាត់បានយកលុយចំនួន ៥០០០ដុល្លារ ទៅប្រគល់អោយទៅឈ្មោះ លន់ ឡន ហៅ ឡុង ហើយប្រគល់បន្តទៅឱ្យ លោក លឹម ហាក់ លុះពេល លោក លឹម ហាក់ ទទួលបានលុយហើយ ទើបដោះលែងម្ចាស់រថយន្ត និងរថយន្តឱ្យមានសេរីភាពវិញ។​​ 

ករណីនេះ iDol Media រង់ចាំការបំភ្លឺបកស្រាយដោយរីករាយ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស លោក លឹម ហាក់ មន្ត្រីអាវុធហត្ថខេត្តកំពង់ឆ្នាំង,​ ហើយយើងសន្យាថា ប្រសិនបើភាគីក្រុមមន្ត្រីស្មោះត្រង់ មានព័ត៌មានច្បាស់ការណ៍យ៉ាងណាទៀតនោះ យើងក៏នឹងផ្សាយជាបន្តទៀតផងដែរ៕​(ផ្សាយពាណិជ្ជកម្ម​ និងព័ត៌មានផ្សេងៗ Tel : 011 70 37 37 , 097 9000 160.)​​

បើតាមការបកស្រាយរបស់បញ្ជាការដ្ឋានកងរាជអាវុធលើផ្ទៃប្រទេស​ មានខ្លឹមសារដូចខាងក្រោម៖​

  នេះជាពាក្យបណ្ដឹងរបស់ម្ចាស់រថយន្ដរងគ្រោះដែលមន្ត្រីអាវុធហត្ថចរចាជំរិតទារលុយ៥ពាន់ដុល្លារ

LEAVE A REPLY

Please enter your comment!
Please enter your name here