សម្ដេចតេជោ ហ៊ុន សែន រំឭកដល់ប្រជាពលរដ្ឋឱ្យរក្សាសុវត្ថិភាព សុខភាព ទប់ស្កាត់កូវីដ-១៩ ក្នុងថ្ងៃបុណ្យគ្រីស្តស្មាស់

0
385

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅក្នុងទំព័រ Facebook ផ្លូវការរបស់សម្ដេច នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ថា ប្រជាគ្រីស្តបរិស័ទនៅកម្ពុជា នឹងមិនបានប្រារព្ធពិធីបុណ្យគ្រីស្តស្មាស់ ឲ្យបានអធិកអធមនោះទេ ប៉ុន្តែគឺធ្វើជាលក្ខណៈគ្រួសារនៅតាមគេហដ្ឋានរៀងៗខ្លួន ដោយមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថា ប្រទេសកម្ពុជាកំពុងតែស្ថិតក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ ។

សម្ដេចតេជោ បានក្រើនរំឭកដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសុវត្ថិភាពសុខភាពក្នុងថ្ងៃបុណ្យគ្រីស្ទស្មាស់ (Christmas) ដែលជាបុណ្យដ៏សំខាន់របស់ប្រជាគ្រីស្ដបរិស័ទ (Christian) ធ្វើឡើងចំថ្ងៃទី២៥ ខែធ្នូ និងជូនពរដល់ប្រជាគ្រិស្ដបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមឱ្យមានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ទាំងអស់គ្នា។

ទោះជាយ៉ាងណា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវពាក់ម៉ាស និងឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាព និងធ្វើតាមវិធានការរបស់ក្រសួងសុខាភិបាល៕