រឿងធ្វើផ្លូវថ្មីប្រជាពលរដ្ឋពិតជាចង់បាន ប៉ុន្តែដោះស្រាយវិវាទត្រង់ភាគីពលរដ្ឋចង់ឱ្យធ្វើកម្ពស់៦តឹក តែអាជ្ញាធរចង់ធ្វើកម្ពស់៨តឹក

0
427

ផ្សាយផ្ទាល់ ÷ ប្រជាពលរដ្ឋជាង ១០០គ្រួសារ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កើតទុក្ខមិនសុខចិត្ត ធ្វើការតវ៉ាចំពោះក្រុមហ៊ុន ML ដែលធ្វើផ្លូវខ្ពស់រហូតដល់ ០,៨០ម៉ែត្រ ទៅ ១ម៉ែត្រ ខ្ពស់ជាងផ្លូវចាស់ ដែលមានកម្ពស់ត្រឹមតែ ០,៦០ម៉ែត្រ ប៉ុណ្ណោះ ហើយយកលេសថា ធ្វើផ្លូវរួមបម្រើឲ្យសាធារណជន ប៉ុន្តែធាតុពិត គឺធ្វើផ្លូវដើម្បីចូលទៅកន្លែងសំណង់បុរី របស់ខ្លួន ឱ្យលក់ផ្ទះឆាប់ដាច់តែប៉ុណ្ណោះ ឯប្រជាពលរដ្ឋត្រូវរងផលប៉ះពាល់ ។

ទីតាំងវិវាទដែលនាំឲ្យមានការតវ៉ានេះ គឺស្ថិតនៅលើកំណាត់ផ្លូវថ្មី ដែលតភ្ជាប់ពីផ្លូវធំ ២១៧ ក្បែរផ្សារព្រែកជ្រៃ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោរាជធានីភ្នំពេញ គឺអាជ្ញាធរ និងប្រជាពលរដ្ឋ គ្រាន់តែខ្វែងគំនិតគ្នាលើកម្ពស់ផ្លូវ និងប្រព័ន្ធលូ តែប៉ុណ្ណោះ ដោយភាគីប្រជាពលរដ្ឋសុំឲ្យអាជ្ញាធរធ្វើផ្លូវកម្ពស់តែ ៦តឹក បានហើយ តែខាងអាជ្ញាធរ ចង់ធ្វើកម្ពស់ដល់ ៨តឹក និងធ្វើប្រព័ន្ធលូថ្មី ។

ករណីនេះ មន្ត្រីអាជ្ញាធរខណ្ឌដង្កោ បានបញ្ជាក់ថា ការធ្វើផ្លូវថ្មីនេះ គឺទទួលបានការអនុញ្ញាតពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យោងលិខិតលេខ ១០៤៥/២០ឆត.រ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ របស់ រដ្ឋបាលរាជធានីភ្នំពេញ និងយោងរបាយការណ៍ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ របស់ រដ្ឋបាលខណ្ឌដង្កោ។

មន្ត្រីអាជ្ញាធរខណ្ឌដង្កោមួយរូប ឲ្យដឹងទៀតថា ការដែលយើងធ្វើផ្លូវខ្ពស់ ពោលគឺ តាមគម្រោងត្រូវធ្វើកម្ពស់ ២ម៉ែត្រឯណោះ ចំណែកប្រជាពលរដ្ឋមួយក្រុមទៀត សំណូមពរឲ្យធ្វើត្រឹមកម្ពស់ ៦តឹក, ប៉ុន្តែតាមបច្ចេកទេស អាជ្ញាធរត្រូវធ្វើកម្ពស់ត្រឹម ៨តឹក ព្រោះថា បើធ្វើត្រឹម ៦តឹកនោះ គឺវាបានត្រឹមតែធ្វើគ្រឹះ ឬលើកកម្ពស់តិចតួចកុំឲ្យទឹកហូរកាត់ផ្លូវតែប៉ុណ្ណោះ វាមិនមែនជាស្តង់ដារនោះទេ គឺជាផ្លូវថ្មី ដែលយើងសម្រាំងធ្វើដើម្បីឲ្យមានគុណភាពរឹងមាំ សម្រាប់បម្រើផលប្រយោជន៍រួមប្រជាពលរដ្ឋទូទៅ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋជាង ១០០គ្រួសារ បានលើកឡើងថា ពេលដែល អាជ្ញាធរខណ្ឌដង្កោ ប្រជុំពិភាក្សា ដើម្បីរកដំណោះស្រាយបញ្ហាទំនាស់ក្នុងការធ្វើផ្លូវថ្មីនេះ គឺពុំមានការចូលរួមយល់ស្របពីបងប្អូនប្រជាពលរដ្ឋនោះទេ គឺអាជ្ញាធរ គ្រាន់តែបានត្រូវរ៉ូវជាមួយក្រុមហ៊ុន ML តែប៉ុណ្ណោះ ក៏ដាក់សំណើ និងរបាយការណ៍ប្រជុំគ្នាឯង ទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រេច ដោយមិនគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ១០០គ្រួសារ ពីការធ្វើផ្លូវនេះ។

ប្រជាពលរដ្ឋបានបង្ហាញថា ការធ្វើផ្លូវថ្មី ដើម្បីអភិវឌ្ឍមូលដ្ឋាន គឺប្រជាពលរដ្ឋពិតជាចង់បាន តែសូមឱ្យពិនិត្យមើលលម្អិតលម្អន់លើផលប៉ះពាល់ ដូចជា ផ្លូវថ្មីនេះត្រូវធ្វើប្រព័ន្ធលូថ្មីសម្រាប់តែបុរីសំណង់លក់ផ្ទះល្វែងរបស់ក្រុមហ៊ុន ML តែប៉ុណ្ណោះ ចំណែកប្រព័ន្ធលូចាស់សម្រាប់ប្រជាពលរដ្ឋជាង ១០០គ្រួសារ ដែលប្រើប្រាស់បង្ហូរទឹកត្រូវបានគេលុបចោលអស់ ដូច្នេះបានធ្វើផ្លូវកម្ពស់ ៨តឹក ខ្ពស់ជាងផ្ទះប្រជាពរដ្ឋបែបនេះ អាចនឹងមានទឹកហូរលិចផ្ទះសម្បែងប្រជាពលរដ្ឋ នេះជាផលប៉ះពាល់ សូមឲ្យអាជ្ញាធរដោះស្រាយគ្នាជាមុនសិន។

ទាក់ទិននឹងករណីនេះ iDol Media បានព្យាយាមទាក់ទងទៅក្រុមហ៊ុន ML ដើម្បីសុំការបំភ្លឺបកស្រាយផងដែរ ប៉ុន្តែមិនអាចទាក់ទងបានឡើយ ព្រោះមិនមានលេខទូរស័ព្ទប្រធានក្រុមហ៊ុន និងមិនមានបុគ្គលិកណាមួយហ៊ាននិយាយ, ដូច្នេះ iDol Media រង់ចាំការបំភ្លឺបកស្រាយ ដោយក្ដីរីករាយពីភាគីពាក់ព័ន្ធបន្ថែមទៀត ហើយប្រសិនបើមានព័ត៌មានអ្វីប្រែប្រួលអំពីករណីវិវាទរឿងធ្វើផ្លូវនេះ យើងនឹងផ្សាយជាបន្តទៀត៕ (ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម ÷ ០៩៧ ៩០០០ ១៦០ , ០១១ ៧០ ៣៧ ៣៧ .)