លោកទេសរដ្ឋមន្ត្រី​​​ ស៊ុន ចាន់ថុល​ ហេតុ​ម៉េច​បាន​អត់​ចាត់​ការ​ទៅ​លើ​លោក​ ជូ​ កុល្លា​ និង​លោក​​ អេង​​ រស់​ រឿង​ដាក់កំណត់​យក​លុយ​រថយន្ដ​ដឹក​ជញ្ជូន​ទំនិញ?​

0
207

ប្រធាន-​អនុប្រធាន​ និងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ​ ក្រោមការគ្រប់គ្រងរបស់​ លោក​ អេង​ រស់​ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុកនេះ​​ កំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយ​ ដោយបង្ខំឱ្យរថយន្ដដឹកទំនិញផ្សេងៗ ជាពិសេស រថយន្ដដឹកកសិផល​ បង់លុយឱ្យពួកគេតាមការកំណត់​ បើមិនដូច្នោះទេ ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត នឹងចោទថា អ៊ីចេះអ៊ីចុះ មិនឱ្យទៅមុខបានឡើយ។

តាមការអះអាងរបស់ក្រុមឈ្មួញ​​ និងអាជីវករដឹកជញ្ជូនទំនិញ​ ក៏ដូចជាដឹកជញ្ជូនកសិផល​ បានឲ្យ iDol Media ​ដឹងថា ទោះបីពួកគេដឹកទំនិញ​ ឬដឹកកសិផលផ្ទុកមិនលើសទម្ងន់ក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តក្នុងស្រុកសន្ទុកនេះដែរ​ ទើបអាចបន្តដំណើរទៅមុខបាន។​ ក្រុមអ្នកដឹកទំនិញនិយាយថា​ អើ…​ បើសិនជា  ពួកគាត់ដឹកលើសទម្ងន់ទៅ​ វាសមណាស់នឹងឃាត់ទុក ធ្វើការផាកពិន័យតាមច្បាប់​ ប៉ុន្តែនេះ ពួកគាត់មិនបានដឹកលើសទេ​ ប៉ុន្តែពួកមន្ត្រីទាំងនោះ​ យកអាការកំណត់ឱ្យបង់លុយនោះ​ ធ្វើជាមុខរបរជាអលជ្ជីទៅវិញ តើស័ក្ដិសមជាមន្ត្រីបម្រើការរាជការដែរទេ?​

ក្រុមឈ្មួញ​​ និងអាជីវករដឹកជញ្ជូនទំនិញ​ បានប្រាប់ឱ្យដឹងថា​ លោក​ អេង​ រស់​ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ខេត្តកំពង់ធំ​ អាចប្រព្រឹត្តិអំពើពុករលួយ​ គាបសង្កត់ក្រុមអ្នកដឹកទំនិញយកលុយតាមការកំណត់នេះ​ គឺដោយសារមានការឃុបឃិតគ្នាជាមួយ​ លោក​ ជូ​ កុល្លា ប្រធាមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តកំពង់ធំនេះតែម្ដង​ ព្រោះគេសង្កេតឃើញ ​លោក​ ជូ​ កុល្លា​ ឧស្សាហ៍ចុះឡើងៗទៅកាន់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុកនេះញឹកញាប់​ណាស់​ គឺទៅយកលុយពី លោក​ ហេង​ រស់​ ដែលជាប្រធានស្ថានីយ៍ជញ្ជីង។​ មានពាក្យនិយាយាចំអកថា​ ដល់ពេល​ ​លោក​ ជូ​ កុល្លា​ ទៅកន្លែងជញ្ជីងយកលុយញឹកញាប់ពេកទៅ ធ្វើឱ្យ លោក​ ហេង​ រស់​ ប្រធានស្ថានីយ៍ជញ្ជីង ធុញថប់..​. ខឹងមិនស្ទើរទេ។​

រឿងដែលគួរឱ្យឈឺចាប់នោះ​ គឺថា​ អាដឹកត្រឹមត្រូវតាមការកំណត់ទម្ងន់​ គឺក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តក្នុងស្រុកសន្ទុក ចាប់ឃាត់ធ្វើការផាកពិន័យស្ទើរតែទាំងអស់,​ ប៉ុន្តែបែរជាឃុបឃិតជាមួយមេឈ្មួញដឹកទំនិញរថយន្ដធំៗខ្នាតយក្សទៅវិញ​ គឺបើកដៃឲ្យឈ្មួញម្ចាស់រថយន្តធំៗផ្ទុកទំនិញលើសទម្ងន់បើកបរឆ្លងកាត់ផ្លូវជាតិលេខ៦ តាមអំពើចិត្តដោយមិនខ្វល់ពីការខូចផ្លូវឬបាក់ស្ពាននោះទេ… អាត្រឹមត្រូវ​ ចាប់ឃាត់ផាកពិន័យ​ ?​ អាមិនត្រឹមត្រូវ​ បែរជាបើកដៃឱ្យទៅមុខយ៉ាងរលូន…​ នេះហើយ​ ការងារជំនាញរបស់ប្រធាន-​អនុប្រធាន​ និងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចផ្លូវជាតិលេខ៦ ក្នុងភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ស្រុកសន្ទុក។​

ក្រុមឈ្មួញ​ និងក្រុមអាជីវករដឹកជញ្ជូនទំនិញ ដឹកជញ្ជូនកសិផល ឆ្លងកាត់ផ្លូវជាតិលេខ៦ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រាប់ iDol Media ​ ថា ក្នុងមួយថ្ងៃៗមានរថយន្តធុនធំដឹកទំនិញផ្ទុកលើសទម្ងន់រាប់រយគ្រឿងបើកបរឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តក្នុងស្រុកសន្ទុក។ ដូច្នេះក្នុងមួយថ្ងៃៗក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្រុកសន្ទុក អាចប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់យកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល​ មិនខ្វល់ពីផ្លូវជាតិរងគ្រោះ ខូចខាតអ្វីឡើយ​ ពីព្រោះមិនមែនជាផ្លូវម៉ែ-ឪរបស់គេ។​  

បើតាមមន្ត្រីស្មោះត្រង់​ បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តឲ្យទៅជាជញ្ជីងថ្លឹងលុយ ធ្វើជាមុខរបរប្រមូលលុយជាអលជ្ជីនោះ​  គឺមានការឃុបឃិតបើកដៃពីចៅហ្វាយនាយរបស់ពួកគេ​ ដូចជា​ ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ​ និងមន្ត្រីជាន់ខ្ពស់នៅក្រសួងសាធារណការ ទទួលបន្ទុកជញ្ជីងត្រួតពិនិត្យ​ ទើបអ្វីៗអាចប្រព្រឹត្តិទៅបានដោយរលូន។ ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺមន្ត្រីប្រចាំស្ថានីយ៍មួយកន្លែងនេះ​ មិនហ៊ានឃុបឃិតឲ្យរថយន្តធុនធំកែច្នៃដឹកលើសទម្ងន់បើកបរឆ្លងកាត់ផ្លូវជាតិលេខ៦ តាមអំពើចិត្តនោះឡើយ។

មន្ត្រីស្មោះត្រង់​ និងប្រជាពលរដ្ឋក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានអំពាវនាវឲ្យ​ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន ពិនិត្យឡើងវិញជាបន្ទាន់ផង​ទៅលើលោក​ ជូ​ កុល្លា ប្រធាមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តកំពង់ធំ និងលោក​ អេង​ រស់​ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកសន្ទុក​​ ចំពោះការប្រព្រឹត្តិអំពើពុករលួយយ៉ាងគឃ្លើនបែបនេះ​…​ អំពើពុករលួយនេះ​ កើតមានយូរណាស់ហើយ​ ប៉ុន្តែមិនដឹងថា​ ហេតុម៉េចបានជាថ្នាក់លើ មិនស្រាវជ្រាវបង្ក្រាប? ឬមួយក៏មានការចូលហ៊ុនគ្នាជាប្រព័ន្ធជាមួយថ្នាក់លើមែន?

ក្រុមមន្ត្រីស្មោះត្រង់​ ក៏បានធ្វើការអំពាវនាវឲ្យ​ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់ក្រុមមន្ត្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅស្រុកសន្ទុកនេះឱ្យបានហ្មត់ចត់ផង​ ព្រោះអំពើពុករលួយរបស់ពួកគេត្រូវបានលាតត្រដាងជាបន្តបន្ទាប់រួចមកហើយ។​​

អ្នកកត់សម្គាល់រឿងពុករលួយនេះ​ បានប្រាប់​ iDol Media​ ថា រឿងអាស្រូវពុករលួយនិងទង្វើមិនប្រក្រតីរបស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ភូមិត្រើយម្យ៉ាប ឃុំប្រាសាទ ត្រូវបានបណ្ដាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ចាប់តាំងពីអំឡុងឆ្នាំ២០១៨ រហូតមកដល់ពេលនេះ,​ ក៏ប៉ុន្តែ​ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន បែរជាសំងំស្ងៀមធ្វើមិនដឹង​ មិនឮអ្វីទាំងអស់ ហើយទុកឲ្យមន្ត្រីពុករលួយធ្វើអ្វីៗតាមអំពើចិត្ត , យកជញ្ជីងរបស់រដ្ឋ បង្កើតជាមុខរបរប្រមូលលុយសម្រាប់បក្ខពួក​ និងក្រុមគ្រួសាររបស់ពួកគេទៅវិញ។​

ករណីនេះ iDol Media រង់ចាំការបំភ្លឺបកស្រាយដោយរីករាយ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស ​លោក​ ជូ​ កុល្លា​ ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ​ និងលោក​ អេង​ រស់​ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដស្រុកសន្ទុក, ហើយយើងសន្យាថា ប្រសិនបើភាគីអាជីវករដឹកទំនិញ និងក្រុមមន្ត្រីស្មោះត្រង់ មានព័ត៌មានច្បាស់ការណ៍យ៉ាងណាទៀតនោះ យើងក៏នឹងផ្សាយជាបន្តទៀតផងដែរ៕​​ (ផ្សាយពាណិជ្ជកម្ម​ និងព័ត៌មានផ្សេងៗ Tel : 011 70 37 37 , 097 9000 160.)

​