ម្ដាយនារីរងគ្រោះមកយកសពកូនស្រីទៅធ្វើបុណ្យ ខណៈសមត្ថកិច្ចនៅស៊ើបបន្ត និងមហាជនថា មិនសមទំនង

0
1102

ក្រុមគ្រួសារនារីរងគ្រោះ ធី លីស្សា អាយុ១៨ឆ្នាំ បានដឹងពីការស្លាប់របស់កូនស្រី និងបានមកទទួលយកសពនារីរងគ្រោះនៅទីតម្កល់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីធ្វើបុណ្យ បន្ទាប់ពីសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានបង្កើតគណ:កម្មការត្រួតពិនិត្យសពរួចរាល់ និងមហាជននៅតែលើកឡើងថា ការបកស្រាយរបស់ជនសង្ស័យ មិនសមទំនង ព្រោះថា មានរឿងអីដែលពួកគេ ត្រូវដណ្ដើមកាំភ្លើងគ្នារហូតបណ្ដាលឲ្យផ្ទុះស្លាប់បែបនេះ ដោយមិនព្រមនិយាយគ្នាឲ្យស្រួលបួល ? ហេតុអ្វីចាំបាច់បើកសោកាំភ្លើង ?

សមត្ថកិច្ចចំរុះខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តកំពង់ឆ្នាំង និងលោកឧត្តមសេនីយត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការធ្វើកោសល្យវិច័យលើសពនារីរងគ្រោះ រកឃើញថាត្រូវគ្រាប់ចំក្រោមដោះផ្នែកខាងឆ្វេង និងបានបៀមក្បាលគ្រាប់ក្នុងទ្រូង ចំណែកសំបកគ្រាប់កាំភ្លើងឡុក១គ្រាប់ ត្រូវបានរកឃើញនៅក្នុងកន្លុកចង្កឹះលេខ នៃរថយន្តផងដែរ។

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឱ្យដឹងទៀតថា ករណីនេះ សមត្ថកិច្ចនឹងបន្តស៊ើបសួរ ស្រាវជ្រាវទៅលើជនសង្ស័យជាបន្តទៀតតាមនិតិវិធី ដើម្បីរកឱ្យឃើញថា នារីរងគ្រោះស្លាប់ដោយសារការរៀលកៃកាំភ្លើង ឬជាអំពើឃាតកម្ម ហើយតើជនសង្ស័យបានអាវុធខ្លីម៉ាកឡុកនេះមកពីណាប្រើប្រាស់ ? តើមានច្បាប់ឬអត់ច្បាប់ ?

បើតាមជនសង្ស័យសារភាពអំពីដំណើរហេតុ ប្រាប់សមត្ថកិច្ចកងរាជអាវុធ ឱ្យដឹងថា នៅម៉ោងជាង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បុរសជាជនសង្ស័យឈ្មោះ ទាក់ ឌី អាយុ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ មាន មុខរបរលក់ដូរអចលនទ្រព្យ បានបើកបររថយន្តម៉ាក Lexus RX200T (ប្រភេទស្ព័រ) ពណ៌ក្រហម ដឹកមនុស្ស២នាក់ គឺ១ ឈ្មោះ ណយ ប៉ូរ៉ា ជាមិត្តភ័ក្រ និងនារីម្នាក់ជាសង្សារឈ្មោះ ធី លីស្សា អាយុ១៨ឆ្នាំ ធ្វើដំណើរចេញពីខេត្ត សៀមរាប នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា តាមផ្លូវជាតិលេខ៥ ឆ្ពោះទៅភ្នំពេញ ។

លុះធ្វើដំណើរមកដល់មុខសាលាខេត្ត ក្នុងក្រុងកំពង់ឆ្នាំង ឈ្មោះ ធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងខ្លីម៉ាកឡុក ( ZORAKI M9o-TD ) ពីលើតាបឡូរថយន្តមកលេង ដោយឃើញបែបនេះ ខ្លួន (ទាក់ ឌី) បានឈោងទាញដៃសង្សារកុំឲ្យលេងកាំភ្លើង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវបណ្តាលផ្ទុះកាំភ្លើង ១គ្រាប់ចំដោះខាងឆ្វេង បណ្តាលឲ្យនារីរង គ្រោះស្លាប់ភ្លាមៗនៅក្នុងរថយន្តតែម្តង ។

រឿងហេតុនេះ មហាជនឆ្ងល់ថា កាំភ្លើងតែងមានសោរបស់វា មិនងាយផ្ទុះផ្ដេសផ្ដាស វៀរលែងតែកាំភ្លើងបើកសោកហើយមានចេតនាចង់ធ្វើឲ្យវាផ្ទុះ ? ប្រសិនបើនារីរងគ្រោះលូកដៃលេងកំភ្លើង គឺគ្រាន់តែប្រាប់នាងថា ឈប់លេង យកទុកវិញទៅ គឺវាចប់ហើយ… មានរឿងអី ទៅដណ្ដើមកាំភ្លើងគ្នា ? ការបកស្រាយរបស់ជនសង្ស័យមិនសមទំនង ? ទោះជាយ៉ាងណា មហាជននៅរង់ចាំមើលការស៊ើបអង្កេតរបស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំងជាបន្តទៀតជុំវិញរឿងនេះ ៕ (ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម : 097 9000 160 / 011 70 37 37)