គ្រាន់តែដណ្ដើមគ្នាផ្ទុះស្លាប់ខាងស្រី ហេតុអីក៏ប្រើកាំភ្លើងប្រហែសម៉្លេះ ? បើកាំភ្លើងចាក់សោ វាមិនងាយផ្ទុះទេ ?

0
264

បុរសជនដៃដល់ក្នុងការធ្វើឱ្យសង្សារខ្លួនស្លាប់ដោយគ្រាប់កាំភ្លើង បានរៀបរាប់ថា ផ្ដើមចេញពីនារីជាសង្សាររបស់ខ្លួនពេលធ្វើដំណើរជាមួយគ្នាក្នុងរថយន្ត ក៏លូកដៃទៅទាញយកកំភ្លើងដែកដាក់នៅលើតាបឡូឡានមកលេង ហើយភ្លាមនោះ ខ្លួនក៏បានលូកដណ្ដើមយកកាំភ្លើងមកវិញ ក៏បណ្ដាលឱ្យរថយន្ដរេចង្កូតទៅប៉ះនឹងខឿនផ្លូវ បន្ទាប់មក ស្នូរកាំភ្លើងបានផ្ទុះឡើង បណ្ដាលឱ្យនារីជាសង្សារស្លាប់មួយរំពេច… រឿងនេះមហាជនជឿឬយ៉ាងណានោះអាស្រ័យទៅលើការគិតពិចារណារៀងខ្លួន ។

បុរសដៃដល់មានឈ្មោះ ទាក់ ឌី ជាជនបង្កបានបើករថយន្តចូលទៅមូលដ្ឋានកងរាជអាវុធហត្ថ ហើយបាន សារភាពប្រាប់សមត្ថកិច្ចថា ក្រោយធ្វើដំណើរចេញពីខេត្តសៀមរាប ពួកគេនៅក្នុងរថយន្ត មានគ្នា៣នាក់ បានមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះ នាង ធី លីស្សា ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះ រូបគេឈ្មោះ ទាក់ ឌី បានប្រញាប់ទាញដៃសង្សារកុំឲ្យលេងកាំភ្លើង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងរថយន្ត។

ពេលឃើញនារីជាសង្សារខ្លួនបានស្លាប់ រូបគេ (ទាក់ ឌី) មិនបានបើករត់គេចខ្លួនទៅណាទេ បានបើករថយន្តរួមដំណើរជាមួយបុរសម្នាក់ជាមិត្តភក្កិឈ្មោះ ណយ ប៉ូរ៉ា ចូលក្នុងមូលដ្ឋានកងរាជអាវុធស្រុកឧដុង្គ ដើម្បីប្រាប់ពីដំណើររឿងដល់សមត្ថកិច្ចឲ្យចាត់ការ ។ តែដោយសារការផ្ទុះអាវុធបណ្ដាលឱ្យស្លាប់នេះ កើតក្នុងទឹកដីខេត្តកំពង់ឆ្នាំង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏កសាងសំណុំរឿងប្រគល់ករណីនេះ ទៅឲ្យខាងកំពង់ឆ្នាំង ស្រាវជ្រាវបន្តនិតិវិធី ។

ករណីសារភាពបែបនេះ ត្រូវបានមហាជនលើកជាសំណួរឆ្ងល់ថា ហេតុអ្វីក៏យកកាំភ្លើងទៅដាក់នៅលើតាបឡូឡាន ហើយថា គ្រាន់តែដណ្ដើមគ្នានោះ កាំភ្លើងក៏មិនផ្ទុះដែរ ប្រសិនបើមិនបើកសោនោះ ? ចុះហេតុអ្វីក៏កាំភ្លើងនោះ វាផ្ទុះស្រួលម្លេះ ?៕