សម្លាប់មិត្តភក្កិលាក់ខ្លួន៥ឆ្នាំ ជនដៃដល់ភ្លេចចំណាំ តែកងរាជអាវុធហត្ថនៅចាំ ចាប់បញ្ជូន

0
266

បុស២នាក់រៀបផែនការសម្ងាត់ សម្លាប់មិត្តភក្ដិឯង ដោយរឹតកសម្លាប់ រួចយកទៅបោះចោលនៅក្នុងគំនរសំរាម ក្បែរប្រឡាយទឹកមួយកន្លែង ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីប្លន់យកទ្រព្យសម្បត្តិ រួមមាន រថយន្ដកាមរី០១គ្រឿង ទូរស័ព្ទម៉ាកអាយហ្វូនស៊ិចផ្លើស និងណូគា២គ្រឿង ខ្សែ.ក ខ្សែដៃ និងចិញ្ជៀនពេជ្រ០១ឈុត កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ដែលកាលនោះ កម្លាំងអាវុធហត្ថចាប់បានជនដៃដល់ម្នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញរួចហើយ តែ៥ឆ្នាំកន្លងមកនេះ កម្លាំងអាវុធហត្ថនៅតែស្រាវជ្រាវលើករណីឃាតកម្មនេះដដែល រហូតឈានទៅចាប់បានជនដៃដល់ម្នាក់ទៀត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បើទោះជារយៈពេល០៥ឆ្នាំ បានកន្លងផុតទៅក៏ដោយ ។

១-ជនដៃដល់ដែលចាប់បានមុនគេ ឈ្មោះ សោម គឹមស៊ាន ត្រូវបានបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់រួចហើយ។ ២- ជនសង្ស័យដែលទើបនឹងចាប់បានក្រោយកើតហេតុរយ:ពេល ៥ឆ្នាំ មានឈ្មោះ សី ផារ៉ាដា ភេទប្រុស អាយុ៤០ឆ្នាំ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ស្រ៊ុន សុភក្ដិ អាយុ៣៥ឆ្នាំ ទីលំនៅ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មន្ត្រីកងរាជអាវុធហត្ថ បានឲ្យដឹងថា ឈ្មោះ សី ផារ៉ាដា ដែលចាប់បានក្រោយគេនេះ ត្រូវបានត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនទៅកាន់តុលាការហើយ កាលរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕