ជាគ្រូឱសថបុរាណទេ ប៉ុន្តែកំហែងគេសុទ្ធតែកូនក្នុងអង្រឹងមិនទុក សមត្ថកិច្ចចាប់ឡើងសាលា

0
247

គ្រូឱសថបុរាណ ដែលតែងតែដើរតាំងខ្លួនជា ឧត្តមសេនីយ៍យោធាចុះឡើងៗ បែរជាជាប់ពាក់ព័ន្ធករណី ឆបោក គំរាមសម្លាប់ និងលាក់ទុកប្រើប្រាស់អាវុធដោយខុសច្បាប់ចំនួន២ដើម នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

គ្រូឱសថបុរាណជាប់សង្ស័យនេះ មានឈ្មោះ យន្ត ដារ៉ា ហៅ នូ រស្មី ភេទប្រុស អាយុ៤៤ឆ្នាំ តែងតែដើរតាំងខ្លួនជា ឧត្តមសេនីយ៍យោធា មាន ស្រុកកំណើត ភូមិតាលួស ឃុំតាលួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ស្នាក់នៅបច្ចុប្បន្ន បន្ទប់ជួល ភូមិបឹងទំពុន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យ យន្ត ដារ៉ា បានសារភាពថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ រូបគេពិតជាបានឆបោកប្រាក់ ពីជនរងគ្រោះជាបន្តបន្ទាប់ សរុប ៣២.១០០ដុល្លារ រឿងទិញលក់សំរឹទ្ធ ហើយនៅពេលដែលជនរងគ្រោះដឹងខ្លួនថា ជនសង្ស័យ យន្ត ដារ៉ា នេះ បានបោកប្រាស់ ក៏ទាមទារយកលុយវិញ តែត្រូវជនសង្ស័យ ផ្ញើសារគំរាមកំហែងទៅជនរងគ្រោះវិញ ម្តងហើយម្តងទៀតតាមហ្វេសប៊ុក ដោយប្រើពាក្យសម្តីថា នឹងសម្លាប់ចោលម៉ាពូជ សូម្បីតែកូនង៉ែតក្នុងអង្រឹងក៏មិនទុកដែរ ៕