បើកការប្រយុទ្ធ រំដោះចំណាប់ខ្មាំង១ម៉ឺនដុល្លារ ពីកណ្ដាប់ដីជនសង្គមងងឹត នៅខេត្តព្រះសីហនុ

0
197

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្រ្កាបក្រុមចោរចាប់ជំរិតទារប្រាក់ ដោយសហការជាមួយកម្លាំងនគរបាលមូលដ្ឋាន និងមានការសម្របសម្រួលពីមន្ត្រីតុលាការ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ បានវាយលុកទៅលើទីតាំងបង្ខាំងមនុស្សមួយកន្លែង ស្ថិតនៅចំណុចផ្ទះសំណាក់ យីហោ វួយអ៊ីណា ក្រុមទី១៦ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ជាលទ្ធផល ចាប់ខ្លួនបានជនសង្ស័យ ៧ នាក់ , រំដោះបានជនរងគ្រោះ ៣នាក់ ។

ប្រតិបត្តិការនេះ ធ្វើឡើងប៉ុន្មានម៉ោងក្រោយពីមានពាក្យបណ្ដឹងពីសំណាក់មិត្តភក្កិជនរងគ្រោះ កាលពីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដោយដឹងថា មានមិត្តភក្តិរបស់គេ ឈ្មោះ Wen QiLiang ភេទប្រុស ជនជាតិចិន ត្រូវបានក្រុមជនសង្ស័យចាប់យកទៅបង្ខាំងទុកនៅកន្លែងមួយមិនស្គាល់ រួចជំរិតទារប្រាក់ចំនួន ១០,០០០$ (១ម៉ឺនដុល្លារ) ។ សូមបញ្ជាក់ថា ជនរងគ្រោះ៣នាក់ ដែលត្រូវបានរំដោះចេញពីទីឃុំឃាំងរបស់ក្រុមជនសង្គមងងឹតនោះ គឺជាបុរសជនជាតិចិន , ចំណែកក្រុមជនសង្ស័យទាំង ៧នាក់ វិញ ក្នុងនោះមានជនជាតិខ្មែរ ៤នាក់ , ឯ ៣នាក់ទៀត ជាជនជាតិចិន ។

ក្រោយបញ្ចប់បេសកកម្មក្ដៅ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ÷ រថយន្ត១គ្រឿង ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BE-9670, ម៉ូតូ ២គ្រឿង (ម៉ាក Smash Revo 1គ្រឿង និងម៉ាក Duke 1គ្រឿង), លិខិតខ្ចីប្រាក់ ២សន្លឹក (ភាសាខ្មែរ១សន្លឹក, ភាសាចិន ១សន្លឹក), ពិលឆក់១, ដំបងឆក់១ និងស្រ្ពៃបាញ់ភ្នែក១។ ពេលនេះ សមត្ថកិច្ចជំនាញ កំពុងកសាងនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕