ហេតុអ្វី​បានជា​ ក្រុមហ៊ុន​ ហ្គ្រែន​ ភ្នំពេញ​ ​លក់​ទ្រព្យ​សម្បត្តិ​សកម្ម​ និង​អាជីវកម្ម​ទាំង​អស់​របស់​ខ្លួន​ ទៅឱ្យ​ ក្រុមហ៊ុន​ ជីប ម៉ុង​លែន?​​

0
125

ក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ អ៉ិនធើណេសិនណល ស៊ីធី ខូអិលធីឌី (Grand Phnom Penh International City) បានលក់ទ្រព្យសម្បត្តិសកម្ម និងអាជីវកម្មទាំងអស់របស់ខ្លួន ទៅឱ្យក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី (Chip Mong Co., Ltd.) ដែលត្រូវបានគេដឹងថាជាក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជាគ្រប់គ្រងវិញម្ដង។​​

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ហ្គ្រេនភ្នំពេញ អ៉ិនធើណេសិនណល ស៊ីធី ខូអិលធីឌី បានឱ្យដឹងថា គណៈគ្រប់គ្រងក្រុមហ៊ុន ហ្គ្រេនភ្នំពេញ អ៉ិនធើណេសិនណល ស៊ីធី ខូអិលធីឌី មានកិត្តិយសសូមជូនដំណឹងជាផ្លូវការដល់ម្ចាស់លំនៅឋាន ដែលជាអតិថិជនទាំងអស់ឱ្យបានជ្រាបថា ថ្មីៗនេះក្រុមហ៊ុនបានលក់ទ្រព្យសកម្ម និងអាជីវកម្មទាំងអស់ទៅឱ្យក្រុមហ៊ុន ជីប ម៉ុងលែន ខូអិលធីឌី ហើយយើងខ្ញុំបានរៀបចំផ្ទេរសិទ្ធិគ្រប់គ្រងក្រុមហ៊ុនទាំងអស់ទៅឱ្យក្រុមហ៊ុនថ្មី គឺក្រុមហ៊ុន ជីប ម៉ុងលែន ខូអិលធីឌី ដែលតំណាងដោយ លោកឧកញ៉ា លាង ឃុន និងលោក ឧកញ៉ា លាង ម៉េង ចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតជូនដំណឹងនេះតទៅ»។​​

ចំពោះចម្ងល់ដែលលើកឡើងថា​ ហេតុអ្វីបានជាក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ លក់ទ្រព្យសម្បត្តិសកម្ម និងអាជីវកម្មទាំងអស់របស់ខ្លួន ទៅឱ្យក្រុមហ៊ុន ជីប ម៉ុងលែន បែបនេះ​? គេគ្រាន់តែឱ្យដឹងត្រឹមថា ​ក្រុមហ៊ុន ជីប ម៉ុងលែន​ ធ្លាប់មានបទពិសោធន៍ច្រើន​ក្នុងការអភិវឌ្ឍន៍គម្រោងលំនៅឋានប៉ុណ្ណោះ។​

គួរបញ្ជាក់ថា​ ក្រុមហ៊ុន ជីប ម៉ុងលែន ខូ អិលធីឌី ធ្លាប់មានបទពិសោធន៍ច្រើន និងទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍គម្រោងលំនៅឋានជាច្រើនទីតាំងរួចមកហើយ ក្នុងរាជធានីភ្នំពេញ ដែលមានអតិថិជនជាច្រើនបានកោតសរសើរ និងទទួលស្គាល់ថា គុណភាពសំណង់ល្អ និងការរចនាបថតាមស្តង់ដារស់នៅប្រកបដោយផាសុកភាព ហើយបច្ចុប្បន្ននេះ បានក្លាយទៅជាទំនុកចិត្តខ្ពស់របស់អតិថិជនក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា។​ ក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ធំជាងគេដ៏ធំមួយនៅប្រទេសកម្ពុជា ហ្គ្រេនភ្នំពេញអន្តរជាតិ បានអភិវឌ្ឍលំនៅឋានបែបសហគមន៍យ៉ាងល្អប្រណីត លើផ្ទៃដីទំហំ២៦០ហិកតា ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។​ ការផ្ទេរសិទ្ធិគ្រប់គ្រងពីក្រុមហ៊ុន ហ្គ្រេន ភ្នំពេញ ប្រគល់ជូនក្រុមហ៊ុន ជីប ម៉ុងលែន បានធ្វើរួចរាល់ហើយចាប់ពីថ្ងៃចុះហត្ថលេខាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នេះតទៅ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here