គិតថាពលរដ្ឋស្រួលបន្លំភ្នែក ក្រុមឈ្មួញសម្រុកនាំ ជ្រូក គោ ក្របី ពពែ មកស្តុកក្នុងភូមិ ដោយគ្មានមន្ត្រីជំនាញត្រួតពិនិត្យ

0
185

ឈ្មួញគិតថា ប្រជាពលរដ្ឋមូលដ្ឋានខ្វះការយល់ដឹង មិនចាប់អារម្មណ៍ចំពោះសកម្មភាពជួញដូរទុច្ចរិតរបស់ខ្លួន នាំចូលជ្រូក គោ ក្របី ពពែ ខុសច្បាប់ពីប្រទេសឡាវយកមកស្តុកទុកក្នុងភូមិរបស់ពួកគាត់ ហើយបញ្ចេញទៅកាន់ទីផ្សារនានាតាមរបៀបដែលគេអាចលាក់ភ្នែកសមត្ថកិច្ចបាន… ជាក់ស្ដែង ប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ដែលរស់នៅ ភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ជាប់នឹងព្រំដែនប្រទេសឡាវ បានបង្ហាញនូវអារម្មណ៍ភ័យព្រួយ ដោយសារខ្លាចឆ្លងជំងឺឆ្លងផ្សេងៗ ដូចជាផ្ដាសាយជ្រូក ជំងឺប៉េស្ដ ជាដើម បន្ទាប់ពីមានក្រុមឈ្មួញមួយក្រុម បាននាំចូលសត្វជ្រូក គោ ក្របី ពពែ ពីប្រទេសឡាវ ដោយពុំមានការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីជំនាញ។

អ្នកឆ្លើយឆ្លងព័ត៌មាន iDol Media ប្រចាំខេត្តព្រះវិហារ បានឲ្យដឹងថា ជាច្រើនសប្តាហ៍មកហើយដែលក្រុមឈ្មួញបាននាំចូល ជ្រូក គោ ក្របី ពពែ សកម្មភាពលួចលាក់នេះ តាមផ្លូវទឹក យកមកស្តុកទុក នៅភូមិ-ឃុំខាងលើ ដោយក្នុងមួយថ្ងៃៗ ជ្រូក ( ជ្រូកកណ្តុរ ) គោ ក្របី ពពែ រាប់រយក្បាល ត្រូវបានឈ្មួញមួយក្រុមដែលគេមិនទាន់ស្គាល់អត្តសញ្ញាណថា ជារបស់ ” ឧកញ៉ា ” មួយណា ? ឬមន្ត្រីអន្ទ្រើសមួយណា ធ្វើខ្នងបង្អែក ? ពួកឈ្មួញបាននាំចូល ជ្រូក គោ ក្របី ពពែ ទាំងរាប់រយក្បាលក្នុងមួយថ្ងៃៗនេះ ពីប្រទេសឡាវ ដោយថឹកតាមកាណូត យកមកស្តុកទុកនៅផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលនៅជាប់របង វត្តកំពង់ស្រឡៅ ហើយគេពុំឃើញមានមន្ត្រីជំនាញពេទ្យសត្វ ចុះមកពិនិត្យនោះទេ ដែលករណីនេះ ធ្វើឱ្យអ្នកភូមិរាប់រយគ្រួសារសង្ស័យថា ក្រុមឈ្មួញនាំចូល ជ្រូកគោ ក្របី ពពែ ទាំងនេះដោយខុសច្បាប់ ។

ករណីនេះ iDol Media មិនទាន់អាចទាក់ទងសុំការបំភ្លឺបកស្រាយពីមន្ត្រីជំនាញ ឬមន្ត្រីអាជ្ញាធរ បាននៅឡើយទេ យើងរង់ចាំការបំភ្លឺបកស្រាយពីភាគីពាក់ព័ន្ធដោយក្ដីរីករាយ ហើយប្រសិនបើប្រជាពលរដ្ឋក្នុងតំបន់នេះ ផ្ដល់ព័ត៌មានថ្មីយ៉ាងណាទៀតនោះ យើងក៏នឹងផ្សាយបន្ថែមទៀតផងដែរ ៕ ( ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម ÷ 097 9000 160 / 011 70 37 37 )