សហព័ន្ធកីឡាវាយសីកម្ពុជា ប្ដេជ្ញាធ្វើកំណែទម្រង់ និងអភិវឌ្ឍន៍លើជំនាញវាយសី ចូលរួមប្រកួតគ្រប់ព្រឹត្តិការណ៍

0
70

បន្ទាប់ពីសហព័ន្ធកីឡាវាយសីកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការទាំងថ្នាក់ជាតិ និងអន្តរជាតិ និងក្រោយបំពេញបេសកកម្មលើវិស័យកីឡា អស់រយៈកាលជាច្រើនឆ្នាំមកនេះ នៅព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាវាយសីកម្ពុជា រួមជាមួយមន្ត្រីក្រុមការងារ គ្រូបង្វឹក កីឡាករ ជាច្រើននាក់ បានប្រារព្ធពិធីបើកមហាសន្និបាត ដោយប្ដេជ្ញាធ្វើកំណែទម្រង់ និងអភិវឌ្ឍន៍បន្ថែមទៀតទៅលើជំនាញនៃកីឡាវាយសី ដើម្បីដណ្ដើមយកមេដាយ និងកិត្តិយស ជូនប្រទេសជាតិ ។

លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានដាក់ចេញជាគោលដៅថា ជាមួយនឹងការកែទម្រង់យ៉ាងស្រួចស្រាវនោះ សហព័ន្ធកីឡាវាយសីកម្ពុជា នឹងបណ្ដុះបណ្ដាល ពង្រីកពង្រឹងក្រុមកីឡាករ កីឡាការិនី ឲ្យកាន់តែពូកែជឿទុកចិត្ត ដើម្បីចូលរួមប្រកួតទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងលើឆាកអន្តរជាតិឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ។

សហព័ន្ធកីឡាវាយសីកម្ពុជា ដែលបានលេចមុខលេចមាត់ជាផ្លូវការក្នុង ឆ្នាំ១៩៨៣ រហូតដល់សព្វថ្ងៃនេះ បានសន្យាថា នឹងរៀបចំការប្រកួតពានរង្វាន់ ៧ មករា រៀងរាល់ឆ្នាំ , ប្រកួតជម្រើសជាតិរៀងរាល់ឆ្នាំ និងប្រកួតពានរង្វាន់ ឯកឧត្តម ប្រធានសហព័ន្ធរៀងរាល់ឆ្នាំ , បញ្ជូនកីឡាករទៅបណ្ដុះបណ្ដាលនៅ Asia Development Team , រៀបចំវគ្គបណ្ដុះបណ្ដាល Coach Level 1 រាល់ ២ឆ្នាំម្ដង , រៀបចំវគ្គ Shuttle times ២ឆ្នាំម្ដង , ចូលរួមប្រកួតរាល់ព្រឹត្តិការណ៍ថ្នាក់តំបន់ និងអន្តរជាតិ ព្រមទាំងកិច្ចការច្រើនទៀត ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាល និងហ្វឹកហាត់ដល់គ្រូ និងកីឡាករ ។

គួររំលឹកផងដែរថា ក្នុងសកម្មភាពកីឡាវាយសីកន្លងមក សហព័ន្ធកីឡាវាយសីកម្ពុជា ធ្លាប់បានបញ្ជូនកីឡាករមួយក្រុមទៅចូលរួមប្រកួតថ្នាក់តំបន់ ជាលើកដំបូង សម្រាប់កីឡាស៊ីហ្គេម នៅឆ្នាំ១៩៩៥ នាទីក្រុងឈៀងម៉ៃ ប្រទេសថៃ ៕