គេធ្វើឱ្យ​ខូចឡាន​​ មិនទារ​សំណង​​ ពេលនេះ​តារាស្រី​ កញ្ញា​ ម៉ូលីកា​​ ឧបត្ថម្ភ​ដល់​តារា​ជើង​ចាស់​ធ្លាក់​ខ្លួន​ក្រ…​​

0
222

បន្ទាប់ពីក្មេងបើកម៉ូតូអូសរទេះលក់លៀសហាលទៅបុករថយន្ត Range Rover របស់នាង តែនាងមិនទារសំណងនោះ​ ពេលនេះ​ តារាស្រី កញ្ញា ម៉ូលីកា រូបនេះ​ ដែលជាអតីតតារាចម្រៀងក្នុងផលិតកម្ម Rock បានឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ៥០០ដុល្លារ ជួយដល់តារាសម្ដែងជើងចាស់ធ្លាក់ខ្លួនក្រ​ គឺអ្នកស្រី​ អ៉ឹម ផល្លា អាយុ៥៦ឆ្នាំ ជាមួយនឹងអង្ករ២បេ, ត្រីខ២កេស និងទឹកផ្លែឈើ២កេស បន្ទាប់ពីម្ចាស់ផ្ទះជួលបានចាក់សោផ្ទះពីខាងក្រៅមិនឲ្យចូល។

រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ តារាសម្ដែងអ្នកស្រី អ៉ឹម ផល្លា បានទៅទទួលថវិកាពី កញ្ញា ម៉ូលីកា នៅហាងរក្សារសម្រស់របស់នាងផ្ទាល់តែម្ដង​ ខណៈកញ្ញា ម៉ូលីកា បានថ្លែងសារថា «ក្នុងនាមខ្ញុំ ជាអតីតសិល្បករមួយរូប សូមជួយអ្នកមីង ៥០០ដុល្លារ ដើម្បីសម្រួលភាពលំបាកដោយក្ដីគោរព»

ជាក់ស្ដែងណាស់​ ប្រាក់នេះអាចសម្រួលដល់ការលំបាករបស់អ្នកស្រីបានមួយផ្នែក ជាពិសេស​ គឺយកទៅបង់ថ្លៃបន្ទប់ជួល និងបានរស់នៅជាបន្ដទៅទៀត។ តារាសម្ដែងអ្នកស្រី អ៉ឹម ផល្លា​ បានជូនពរ កញ្ញា ម៉ូលីកា មានសម្រស់កាន់តែស្រស់ស្អាត ហើយហាងរបស់នាងកាន់តែមានអតិថិជនគាំទ្រកាន់តែច្រើន។ ចំណែកកញ្ញា ម៉ូលីកា វិញ ក្រោយប្រគល់ថវិកាជូនអ្នកស្រី អ៉ឹម ផល្លា ហើយបានថ្លែងថា «ជូនបុណ្យទាំងអស់គ្នាផង ព្រោះគាត់ឲ្យពរច្រើនណាស់»៕​