សង្វៀនបញ្ជល់មាន់ បៀប៉ោង ដ៏ធំមួយកន្លែងនៅម្ដុំស្ពានទី២៣ ស្រុកកងមាស គេឆ្ងល់ថា បើសិនជាអាជ្ញាធរមូលដ្ឋាន មិនចូលហ៊ុន មិនទទួលសំណូក ហេតុម៉េចក៏មិនបង្ក្រាប ?!

0
324

​កំពង់ចាម ៖ សង្វៀនបញ្ជល់មាន់ និងបៀប៉ោង ដ៏ធំមួយ ដែលតាមប្រភពព័ត៌មានថា សម្រាប់អ្នកធំៗ និងអ្នកមានលុយហូរហៀរលេងភ្នាល់សប្បាយ ឯអ្នកតូចតាចក៏អាចលេងភ្នាល់បានដែរ ប៉ុន្តែដាក់លុយអែបជាមួយនឹងអ្នកធំ ឬអ្នកមានប្រាក់ ឬអ្នកមេខ្លោងបោះទុនធំក្នុងការលេងភ្នាល់នេះ ចំណែកឯអ្នកចោមរោមមើល និងស្រែក ហេ ហក៎ នោះ មានទាំងអ្នកធូរថ្លៃ និងអ្នកថ្លៃថ្នូរ ហើយជាមួយនោះ ក៏មានយុវជនស្ទាវៗជាសិស្សសាលា ចូលរួមមើលហ៊ោកញ្ច្រៀវដែរ… ម្នាក់ៗស្រែកហ៊ោឡើងភ្លេចប្រពន្ធ-កូន បាយទឹក ក្រុមគ្រួសារអស់ហើយ ។

សង្វៀនភ្នាល់បញ្ជល់មាន់ បៀប៉ោង នេះ មានទីតាំងនៅចំណុច ស្ពាន២៣ ក្នុងភូមិគងជ័យ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ចម្ងាយ២០ម៉ែត្រ ពីព្រំប្រទល់ខាងក្រោយសាលាបឋមសិក្សានិងអនុវិទ្យាល័យ ភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល បើកលេងយ៉ាងរលូន ម្ចាស់សង្វៀន ឈ្មោះ ប្រិយ៍ ហៅលោក ហេង និង ឈ្មោះ ម៉ាប់​ មេអាប៉ោង និងឈ្មោះ ឆង មេទាហ៊ានគីមីសាស្ត្រនៅ ឧដុង្គ សប្បាយកើបលុយ ហើយតាមប្រភពថាមេល្បែងអស់នេះ បានប្រកាសអញ្ជើញមេៗនគរបាលជាតិ អស់លោកប្រធានស្ថាប័នធំៗ នៅរាជធានីភ្នំពេញ ចូលលេងភ្នាល់ផង ព្រោះសង្វៀនមួយនេះអ៊ូអរ តែមានសុវត្ថិភាព ចំណែកអភិបាលខេត្តកំពង់ចាម អត់ដឹងអីសោះហ្មងរឿងបើកសង្វៀននេះ ។

តាមប្រភពព័ត៌មាន ឲ្យដឹងទៀតថា មេៗសង្វៀន ឈ្មោះ ប្រិយ៍ ហៅលោក ហេង និង ឈ្មោះ ម៉ាប់​ មេអាប៉ោង និងឈ្មោះ ឆង មេទាហ៊ានគីមីសាស្ត្រនៅ ឧដុង្គ មិនបានប្រកាសថា អ្នកកំពុងលេងភ្នាល់នៅទីនេះទាំងអស់ និងអ្នកដែលមិនទាន់បានមកលេង សូមកុំភ័យខ្លាចគេចាប់់ គេបង់លុយឲ្យអាជ្ញាធរក្នុងមូលដ្ឋានរួចអស់ហើយ មានស្ថាប័នប៉ូលិស និងរដ្ឋបាលស្រុក ។

ដោយឡែក ការពិតយ៉ាងណានោះ iDol Media TV Online មិនអាចទាក់ទងសុំការបំភ្លឺបកស្រាយបានពី លោកអធិការនគរបាលស្រុកកងមាស និងអភិបាលស្រុកកងមាស បាននៅឡើយទេ ហើយយើងក៏រង់ចាំការបំភ្លឺដោយក្ដីរីករាយពីអាជ្ញាធរដែនដីផងដែរ ដោយយើងមិនជឿថា អាជ្ញាធរទទួលសំណូកសោះឡើយ ។ ប៉ុន្តែប្រសិនបើអស់លោក មិនបានចូលហ៊ុនជាមួយសង្វៀនបញ្ជល់មាន់នេះ ឬក៏មិនបានទទួលសំណូកសូកប៉ាន់ពីមេល្បែងនោះ គួរណាស់តែបង្ក្រាប កុំទុកឲ្យល្បែងភ្នាល់នេះ បើកដំណើរការលេងយ៉ាងរលូនដូច្នោះ ព្រោះល្បែងស៊ីសង គឺជាល្បែងពាលាអាវ៉ាសែដែលសង្គមស្អប់ខ្ពើម ៕ ( ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម ÷ 097 9000 160 / 011 70 37 37 )