NASA​ គ្រោងបង្កើត​យាន​អាច​ចល័ត​​ VIPER​​ ទៅ​ស្វែង​រក​ប្រភព​ទឹក​ នៅ​តំបន់​ប៉ូល​ខាង​ត្បូង​របស់​ព្រះចន្ទ​​

0
149

បើតាមការចេញផ្សាយរបស់វែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ឱ្យដឹងថា​​ ពាក់ព័ន្ធនឹងគម្រោងឋានព្រះចន្ទ ទីភ្នាក់ងារអវកាសអាមេរិក NASA មានគំនិតចង់អភិវឌ្ឍយាន Rover មួយគ្រឿង ឱ្យទៅជាយានអាចចល័ត​មានឈ្មោះថា VIPER​ ដែលមានតួនាទីស្វែងរកប្រភពទឹក នៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ។

មន្ត្រី NASA បានបញ្ជាក់ថា ជាទូទៅពេលយប់នៅភពព្រះចន្ទ សីតុណ្ហភាពចុះត្រជាក់ខ្លាំង ដែលជាឧបសគ្គសម្រាប់យានភាគច្រើននៅទីនោះ​ ដូច្នេះ​ ខ្លួនចង់រចនាយាន VIPER ឲ្យវាអាចធ្វើប្រតិបត្តិការទាំងអំឡុងពេលយប់បាន នៅលើផ្ទៃព្រះចន្ទថែមទៀត។

ប្រសិនបើគំនិតបេសកកម្មនេះអាចទៅមុខបាន នោះអង្គការ NASA នឹងបង្កើតយានអាចចល័តបានមួយគ្រឿងហៅថា VIPER ដែលអាចធ្វើប្រតិបត្តិការរយៈវែងក្នុង កិច្ចការងារតាមរកប្រភពទឹក នៅឯតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ។ អង្គការ NASA មាន គោលដៅបាញ់បញ្ជូនយាន VIPER ចេញពីភពផែនដីនៅឆ្នាំ២០២២។

គួរបញ្ជាក់ថា ខណៈ NASA ចង់បញ្ជូនយាន VIPER ចេញនៅឆ្នាំ២០២២ ប៉ុន្តែផែនការនេះមានតែនៅលើក្រដាសនៅឡើយនោះ មតិមួយចំនួនប្រហែលជាយល់ឃើញថា «វាមិនអាចទៅរួច»។ យ៉ាងណាមិញកន្លងមក គឺកាលពីឆ្នាំ២០០៦ បេសកកម្ម LCROSS ត្រូវបាន NASA ជ្រើសរើសអភិវឌ្ឍឡើង ហើយនៅឆ្នាំ២០០៩ ផ្កាយរណបនោះ ក៏ត្រូវបានបាញ់បញ្ជូនទៅកាន់ឋានព្រះចន្ទ។ ដូច្នេះវាមិនមែនមិនធ្លាប់កើតមាននោះទេ។ គោលដៅរបស់បេសកកម្ម LCROSS គឺផ្ទៀងផ្ទាត់មើលថា តើតំបន់មួយនៅលើផ្ទៃព្រះច័ន្ទមានសំណើមដែរ ឬអត់ ខណៈលទ្ធផលបានបង្ហាញមកថាមាន៕