ខ្សែភ្លើងខ្វាត់ខ្វែងកៀកជាប់នឹងអគារបែបនេះ កម្មករ១នាក់ ឆក់ធ្លាក់ស្លាប់ទាំងព្រឹក តើស្ថាប័នណាទទួលខុសត្រូវ ?

0
193

ស្លាប់ទាំងព្រឹក ឃើញសពហើយធ្វើឱ្យយើងញ័រខ្លួន… បុរសម្នាក់ខិតខំធ្វើការទាំងថ្ងៃឈប់សម្រាក ប៉ុន្តែអកុសល មច្ចុរាជខ្សែភ្លើងបានផ្ដាច់ជីវិតរូបគេ បណ្ដាលឲ្យឆក់ចរន្ដស្លាប់ធ្លាក់ពីលើអគារ ជាន់ទី៣ ចុះមកក្រោមស្ពាក ដែលយើងមើលទៅហាក់ដូចជាធ្វើឲ្យចិត្តរន្ធត់ញាប់ញ័រមែនទែន ខណៈដែលប្រពន្ធសពបានយំឡើងទន់ខ្លួនក្រោមក្រសែភ្នែកមនុស្សរាប់ពាន់គូ ទៅចោមរោមមើល។

គ្រោះថ្នាក់ឆក់ខ្សែភ្លើងធ្លាក់ពីលើអគារខ្ពស់ បណ្ដាលឲ្យស្លាប់ដែលមើលទៅគួរឱ្យរន្ធត់ផង និងអាណោចអាធ័មផងនោះ បានកើតឡើងនៅចំណុចផ្លូវចូលផ្សារទួលពង្រ ចម្ងាយជាង ១០០ម៉ែត្រពីភ្លើងស្តុប កែងនឹងផ្លូវវ៉េងស្រេង នាវេលាម៉ោង ៨÷៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

កម្មករសំណង់រងគ្រោះបាត់បង់ជីវិតនេះ មាមឈ្មោះ ទិត្យ វ័យ ២៦ ទៅ ២៧ឆ្នាំ មានស្រុកកំណើត នៅស្រុកស្ទោង ខេត្តកំពង់ធំ ឯប្រពន្ធវ័យក្មេង បានមកឃើញសព ក៏យំឡើងទន់ខ្លួនទៅហើយនៅចំពោះមុខស្ថានភាពដ៏គួរឲ្យរន្ធត់នេះ ខណៈសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យសភាពការណ៍ និងធ្វើកំណត់ហេតុ ។

តាមការពិនិត្យជាក់ស្ដែង គេឃើញខ្សែភ្លើងនៅកៀកជាប់នឹងផ្ទៃអគារប្រហែលតែ ២-៣តឹក ប៉ុណ្ណោះ តើឲ្យកម្មករអាចសាងសង់នៅផ្ទៃខាងក្រៅអាគារបានដូចម្តេចទៅ បើខ្សែភ្លើងស្រាតផង មិនស្រាតផង នៅកៀកខ្វាត់ខ្វែងពេញអគារនោះទៅហើយ ។

មហាជនបានរិះគន់ថា ហេតុអ្វីបានជាខាង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី អនុញ្ញាតឲ្យមានការសាងសង់អាគារខ្ពស់ ជាប់ ឬក៏កៀកបង្គោលភ្លើងបែបនេះ ? ជាក់ស្ដែង ដល់ពេលឆក់កម្មករសំណង់ស្លាប់បែបនេះ តើបង្គោលភ្លើងដែលនៅកៀកជាប់នឹងអគារ ខាងអគ្គិសនីកម្ពុជា ឬក៏ខាង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី មួយណាជាអ្នកទទួលខុសត្រូវ ?

ទាក់ទិននឹងករណីនេះ iDol Media TV Online មិនអាចទាក់ទងខាង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងស្ថាប័នអគ្គិសនីកម្ពុជាដើម្បីសុំការបំភ្លឺបាននោះទេ ប៉ុន្តែយើងរង់ចាំការបំភ្លឺបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធដោយក្ដីរីករាយ , ហើយបើមានក្រុមអ្នកច្បាប់ ផ្ដល់ប្រឹក្សាអំពីកំហុសឆ្គង ឬហេតុផលយ៉ាងណាទៀតនោះ យើងក៏នឹងផ្សាយជូនជាបន្តទៀតដែរ ៕ ( ទំនាក់ទំនងព័ត៌មាន និងផ្សាយពាណិជ្ជកម្ម ÷ 097 9000 160 / 011 70 37 37 .)