ផ្អើលថាព្រះសង្ឃ ២៨អង្គ គង់នៅវត្តនាងខ្មៅ ខេត្តតាកែវ ឆ្លងជំងឺ covid-19 តែតាមការត្រួតពិនិត្យរបស់អាជ្ញាធរ…

0
1552

ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា ព្រះសង្ឃគង់នៅវត្តនាងខ្មៅ ចំនួន ២៨អង្គ ក្នុងខេត្តតាកែវ មិនមានការឆ្លងជំងឺ covid-19 នោះទេ ផ្ទុយទៅវិញព្រះសង្ឃទាំងនោះគ្រាន់តែកើតជំងឺផ្តាសាយធម្មតាប៉ុណ្ណោះ ខណៈដំណើររឿង គឺ ដំបូងឡើយ ព្រះចៅអធិការវត្ត និងព្រះសង្ឃផ្សេងទៀត មានអាការៈផ្ដាសាយ ហើយទៅព្យាបាលនៅផ្ទះគ្រូពេទ្យជាប់វត្ត ជាបន្តបន្ទាប់ ហើយគ្រូពេទ្យមិនយកថវិកានោះទេ ទើបចៅអធិការវត្ត បង្ហោះសារក្នុងបណ្ដាញសង្គម ថ្លែងអំណរគុណដល់គ្រូពេទ្យ ហើយប្រជាពលរដ្ឋក៏យកព័ត៌មាននេះទៅផ្សព្វផ្សាយបន្តគ្នា ធ្វើឲ្យមានភាពភ្ញាក់ផ្អើល រហូតមានការទំនាក់ទំនង ចូលទៅលេខ ១១៥ សុំអន្តរាគមន៍ ចុះពិនិត្យតែម្តង និងធ្វើឲ្យមានការយល់ច្រឡំ ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ បានប្រកាសឱ្យដឹងថា ករណីព្រះសង្ឃ២៨អង្គ គង់នៅវត្តនាងខ្មៅ ស្ថិតក្នុងភូមិចា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យ មានលោកស្នងការរង ទទួលផែនការងារសន្ដិសុខខេត្តតាកែវ , អភិបាលរងស្រុកសំរោង , ប្រធានមន្ទីរពេទ្យបង្អែកស្រុក និងមេឃុំ ព្រមទាំងសហការជាមួយអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត បានចុះដល់ទីតាំងវត្តនោះ ដោយលទ្ធផលពិនិត្យឃើញថា ព្រះសង្ឃទាំង២៨អង្គនោះ គ្រាន់តែមានជំងឺផ្ដាសាយតែប៉ុណ្ណោះ ហើយពេលនេះ អាជ្ញាធរស្នើសុំឲ្យគង់នៅក្នុងគុដិដោយឡែកពីសង្ឃផ្សេងៗទៀត និងពួកគាត់ត្រៀមខ្លួនសហការ តាមជំនាញរបស់សុខាភិបាល ៕