តើវាល្អ​យ៉ាងម៉េច​ទៅ?​​ ការបិទ​ល្បែង ​Online​ ជាការ​ចាប់​ផ្តើម​ដ៏ល្អ​សម្រាប់​ទីផ្សារ​ផ្សេងៗ​​ក្នុង​ខេត្ត​ព្រះសីហនុ…​​ ស្ដាប់​ការ​ពន្យល់!​

0
92

ការបិទល្បែង Onlineកាលពីពេលថ្មីៗនេះ ដ្បិតតែបានបណ្តាលឱ្យជនជាតិចិនជាច្រើនបានចាកចេញពីខេត្តព្រះសីហនុដែលធ្លាប់តែមានភាពមមាញឹក ហើយសកម្មភាពអចលនទ្រព្យ ជាពិសេសការលក់ដីគឺតិចជាងអ្វីដែលយើងបានឃើញនាពេលកន្លងមក​ ប៉ុន្តែយ៉ាងណា​ វាក៏ផ្តល់នូវឱកាសដ៏រឹងមាំក្នុងការផ្លាស់ប្តូរជាច្រើន​ នៃការចាប់ផ្តើមដ៏ល្អសម្រាប់ទីផ្សារផ្សេងៗក្នុងខេត្តនេះ។​

រំលឹកពីថ្លែងក្នុងកម្មវិធីស្តីពីការប្រែប្រួលទីផ្សារអចលនទ្រព្យដែលធ្វើឡើងនៅថ្ងៃទី ១១ ខែតុលា លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា គោលនយោបាយបិទល្បែង Online នាពេលថ្មីៗនេះ បានប៉ះពាល់តិចតួចដល់តម្លៃដីធ្លី និង សកម្មភាពអភិវឌ្ឍន៍ផ្សេងទៀតនៅខេត្តព្រះសីហនុ ក៏ប៉ុន្តែ លោកយល់ថា ការប្រែប្រួលនេះក៏ជាការកែតម្រូវទីផ្សារដ៏ល្អសំរាប់ខេត្តមួយនេះផងដែរ។

លោក James បានបន្ថែមទៀតថា ជាមួយនឹងការវិនិយោគកែលម្អហេដ្ឋារចនាសម្ព័ន្ធដោយរដ្ឋាភិបាល ដូចជាការពង្រីកអាកាសយានដ្ឋាន គឺនឹងផ្តល់ផលវិជ្ជមានដល់ទីផ្សារមួយនេះ។​ ជាក់ស្តែង រដ្ឋាភិបាលកំពុងត្រៀមចាប់ផ្តើមសាងសង់ផ្លូវចំនួន ៣៤ ខ្សែក្នុងខេត្តព្រះសីហនុ​ ដោយប្រើប្រាស់ថវិកា ១០០ លានដុល្លារអាមេរិក ខណៈដែលហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត​ ដូចជាប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធគ្រប់គ្រងទឹកកង្វក់ក៏ជាអាទិភាពរបស់រដ្ឋាភិបាលផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សក្កានុពលនៃការវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា» ឯកឧត្តម ជាវុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ ហៅកាត់ថា CDC បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងរៀបចំសិក្ខាសាលាដ៏ធំមួយនៅខែធ្នូខាងមុខនេះ ស្តីពីការវិនិយោគទេសចរណ៍នៅខេត្តព្រះសីហនុ ក្នុងគោលបំណងទាក់ទាញ ការវិនិយោគបន្ថែមទៀត។​

ទាក់ទងទៅនឹងការចាក់ចេញនៃជនជាតិចិននេះដែរ លោក ឧកញ៉ា ហាន់ ឃៀង អនុប្រធានទីមួយនៃសមាគមអ្នកសាងសង់កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Muhibbah Engineering (កម្ពុជា) កន្លងមកបានឲ្យដឹងដែរថា ការប្រែប្រួលនេះអាចមានការប៉ះពាល់ខ្លះដែរដល់ខេត្តព្រះសីហនុ តែវាក៏មានចំណុចល្អផងដែរ។

លោកឧកញ៉ាថ្លែងថា៖ «ដោយសារគោលនយោបាយប្រទេសជាតិយើងមានការប្រែប្រួល ហើយអាចមានការប៉ះពាល់ខ្លះ តែវាជាការល្អមួយដែរ រដ្ឋាភិបាលត្រៀមខ្លួនឲ្យបានល្អដើម្បីឲ្យអ្នកដែលធ្វើខុសច្បាប់ចាក់ចេញ ហើយអ្នកល្អនៅ អាចជាការល្អមួយដែរ»។ លោកឧកញ៉ាបន្តទៀតថា ៖«ហើយខ្ញុំជឿថាពីឥឡូវទៅក្នុង ៥ឆ្នាំ សំណង់យើងនៅតែមានសេចក្តីត្រូវការច្រើន ជាពិសេស នៅកំពង់សោម»៕

LEAVE A REPLY

Please enter your comment!
Please enter your name here