អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ៖ បន្ទាប់ពីគ្រប់គ្រងរោងចក្រផលិតទឹកស្អាតខេត្តត្បូងឃ្មុំ នឹងពង្រីកការតបណ្តាញឱ្យ៥០០០គ្រួសារក្នុងឃុំចំនួន០៦ !

0
118

ក្រោយពីខេត្តត្បូងឃ្មុំបានបំបែកចេញពីខេត្តកំពង់ចាម រោងចក្រផលិតទឹកស្អាតខេត្ត បានសាងសង់រួចរាល់ក្នុងអំឡុង ចុងខែធ្នូ ឆ្នាំ២០១៧ និងចាប់ផ្តើមដាក់ដំណើរការសាកល្បង ក្នុងខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ខែកញ្ញា ឆ្នាំ២០១៨ បានសម្រេចផ្គត់ផ្គង់ទឹកស្អាតដល់សាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត សាខាកាកបាទក្រហមខេត្ត និងផ្ទះស្នាក់នៅមន្ត្រីរាជការ សរុបប្រមាណ៨០០កន្លែង រហូតនៅព្រឹកថ្ងៃ៧ ខែសីហា ឆ្នាំ២០២០ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្ទេរការគ្រប់គ្រងរោងចក្រផលិតទឹកស្អាតខេត្តត្បូងឃ្មុំនេះ ទៅឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ។

ពិធីផ្ទេរនេះធ្វើឡើងក្រោមអធិបតី លោក គឹម ទូច រដ្ឋលេខាធិការ តំណាងលោកទេសរដ្ឋមន្ត្រីកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានការចូលរួមលោក ស៊ឹម ស៊ីថា ទីប្រឹក្សាក្រសួង និងជាអគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងលោក ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ នៅសាលប្រជុំរោងចក្រផលិតទឹកស្អាត ខេត្តត្បូងឃ្មុំ ។

លោក ស៊ឹម ស៊ីថា ទីប្រឹក្សាក្រសួង និងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា សព្វថ្ងៃ រោងចក្រផលិតទឹកស្អាតខេត្តត្បូងឃ្មុំ​នេះ មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានប្រមាណ ៩៦,០៤៣ម៉ែត្រគូបរួចទៅហើយ  ហើយជំហានបន្តលើការងារពង្រីកការតបណ្តាញ និងផ្គត់ផ្គង់ទឹកស្អាតនេះ គឺឲ្យរួចក្នុងឆ្នាំ២០២៣ ផ្គត់ផ្គង់ជូនពលរដ្ឋប្រមាណ ៥០០០គ្រួសារ តាមបណ្ដាឃុំចំនួន០៦ ក្នុងស្រុកត្បូងឃ្មុំ នៃទីរួមខេត្ត ដែលចំណាយទំហំទឹកប្រាក់អស់ប្រមាណ ០២លានដុល្លារ ៕ ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម ៖ ០១១ ៧០ ៣៧ ៣៧ , ០៩៧ ៩០០០ ១៦០ ,