សូមមេត្តាពិចារណាទាំងអស់គ្នា ! តើច្បាប់ចរាចរណ៍កែសម្រួលថ្មី មានវិសាលភាពលុបសេចក្តីសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែន ដែរឬក៏អត់ ទាក់ទងនឹងអ្នកបើកបរម៉ូតូកម្លាំង125 CC ចុះក្រោម ?​

0
484

បើតាមការជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ នាថ្ងៃទី០៧​ ខែមករា​ ឆ្នាំ២០១៦​ និង សេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា​ នាថ្ងៃទី០៦​ ខែមករា ឆ្នាំ២០១៦​ ស្ដីពីការលុបចោលប័ណ្ណបើកបរប្រភេទ ក១​ ដែលមានខ្លឹមសារខាងក្រោម​ ៖

តាមសេចក្តីសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ ដែលបានផ្ញើជូន ៖​​ ជនរួមជាតិ ជាពិសេស យុវជន និងសិស្សានុសិស្សទាក់ទងនឹងតម្លៃនៃការធ្វើប័ណ្ណបើកបរម៉ូតូ ហើយក្រោយពីសម្តេចតេជោ ហ៊ុន សែន បានពិភាក្សាជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ឈប់មិនចាំបាច់អោយមានប័ណ្ណបើកបរចំពោះម៉ូតូចាប់ពីកម្លាំង 125 CC ចុះក្រោម ចាប់ពីពេលនេះតទៅ។ ដូច្នេះប្រជាពលរដ្ឋដែលបើកបរម៉ូតូមានកម្លាំងចាប់ពី 125 CC ចុះក្រោម គឺមិនចាំបាច់បង់លុយថ្លៃធ្វើប័ណ្ណបើកបរ និងមិនចាំបាច់មានប័ណ្ណបើកបរឡើយ។ ប៉ុន្តែទន្ទឹមនឹងនេះ គឺសូមប្រជាពលរដ្ឋត្រូវតែរៀនច្បាប់ចរាចរណ៍ និងបើកបរត្រូវតែគោរពច្បាប់គ្រប់ៗគ្នា។ ខ្ញុំនឹងស្នើទៅអង្គការនីតិបញ្ញត្តិដើម្បីធ្វើវិសោធន:កម្មលើបទបញ្ញត្តិច្បាប់ដែលមានការពាក់ព័ន្ឋក្នុងពេលឆាប់ៗខាងមុខនេះ។ ខ្ញុំសង្ឃឹមថា នេះគឺជាការចូលរួមកាត់បន្ថយនូវការចំណាយ និងការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។

នេះគឺជាកាដូមួយថែមទៀតដល់បងប្អូនជនរួមជាតិទាំងអស់នៅក្នុងខួប ៧ មករា ២០១៦ នេះ !

ក្រៅពីនោះ សម្តេចតេជោ ហ៊ុន សែន ពន្យល់បញ្ជាក់អំពីចំណុចសំខាន់ៗមួយចំនួនដែលជាកង្វល់របស់ពលរដ្ឋចំពោះការអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មីដូចខាងក្រោម:-

១-សេចក្តីសម្រេចមិនតម្រូវអោយបង់ថ្លៃប្រឡងប័ណ្ណបើកបរម៉ូតូ (កម្លាំង 125cc ចុះក្រោម)។ 
២-ប្រសិនបើបានបង់ថ្លៃប័ណ្ណបើកបរម៉ូតូកម្លាំង 125cc រួចហើយ ហើយចង់បានថវិកាវិញ គឺត្រូវយកប័ណ្ណបើកបរមកប្រគល់អោយក្រសួងវិញ ដើម្បីទួលយកប្រាក់ត្រឡប់វិញគ្រប់ចំនួន។ 
៣-តម្លៃបង់ថ្លៃប័ណ្ណបើកបររថយន្តគឺនឹងបញ្ចុះតម្លៃជូនពលរដ្ឋ ។
៤-ចំពោះពលរដ្ឋដែលមានម៉ូតូកម្លាំង125 ccចុះក្រោម ហើយចង់អោយសមាជិកគ្រួសារប្រើប្រាស់ទោះបីចំនួន ៣ ឬ៤នាក់ ឬ ច្រើនជាងនេះ គឺអាចប្រើប្រាស់ម៉ូតូបាន ដោយមិនចាំបាច់ស្នើរសុំលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ ប្រសិនបើម្ចាស់ម៉ូតូយល់ព្រមអោយខ្ចីជិះ។
៥-សូមប្រជាពលរដ្ឋរៀនបើកបរបញ្ជាយានយន្តអោយបានស្ទាត់ជំនាញ ហើយរៀនច្បាប់ចរាចរណ៌យល់ដឹងអោយបានច្បាស់លាស់ និងបើកបរគោរពច្បាស់ចរាចរណ៍ទាំងអស់គ្នា៕

សូមសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយឆ្លើយតប បំភ្លឺជូនបងប្អូនប្រជាពលរដ្ឋតាមការគួរផង , សូមអានសេចក្ដីជូនដំណឹងរបស់ ក្រសួងសេដ្ឋកិច្ច​ និង ហិរញ្ញវត្ថុ , ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ , ព្រមទាំងសេចក្ដីសម្រេចរបស់សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ដីពីការលុបចោលប័ណ្ណបើកបរប្រភេទ ក១ ដូចខាងក្រោម​ ៖