ឈ្មួញដី​ឈ្មោះ​ ស្រ៊ុ​ន សភា យកឈ្មោះមន្ត្រីជាន់ឈ្មោះប្រើ​ ទិញដីគេមិនឱ្យលុយ​ ត្រូវកងរាជអាវុធឃាត់ខ្លួន​ ឮថាមានគេកំពុងរត់ការឱ្យស្ថិតនៅក្រៅឃុំ !

0
169

ករណីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនបុរសអ្នករកស៊ីទិញដី​ ពុះឡូត៍​ម្នាក់ឈ្មោះ ស្រ៊ុ​ន សភា ដែលយកឈ្មោះមន្ត្រីជាន់ខ្ពស់ប្រើ ទៅដើរទិញដីគេមិនឱ្យលុយ និងរំលោភបំពានយកដីប្រជារាស្ត្រទន់ខ្សោយនោះ ពេលនេះកំពុងល្បីថា មានគេរត់ការយ៉ាងញាប់ដៃញាប់ជើងដើម្បីបានស្ថិតនៅក្រៅឃុំ។​  

សូមរំលឹកថា​ នៅមុននេះជាង៣០ម៉ោង គឺឈ្មួញ​រកស៊ី​ពុះ​ដី​ឡូត៍​លក់ម្នាក់នេះ ឈ្មោះ ស្រ៊ុ​ន សភា​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ ពាក់ព័ន្ធ​ករណី​ រំលោភលើទំនុកចិត្ត ទិញ​ដី​គេ​យក​ទៅ​ពុះ​លក់​អស់ មិនព្រម​ឲ្យ​លុយ​ទៅ​ម្ចាស់ដី ហើយ​ថែមទាំង​យកឈ្មោះ​របស់​ថ្នាក់ដឹកនាំ​ទៅ​គំរាមកំហែង សម្លុត និង​បំភ័យ​កុំ​ឲ្យ​ភាគី​ម្ចាស់ដី​ប្ដឹង​ខ្លួន​ទៀតផង។

បុរសដែលត្រូវគេចោទទិញដីប្រជារាស្ត្រមិន​ឱ្យលុយនេះ ឈ្មោះ ស្រ៊ុ​ន សភា អាយុ៤៥ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ឌួង កែវមរកត រស់នៅ​ផ្ទះលេខ៨៦ ផ្លូវ​លេខ២៧០ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ។ យោង​តាម​ប្រភព​ពី សមត្ថកិច្ច បាន​ឲ្យដឹង​ថា កាលពី​អំឡុង​ដើមឆ្នាំ២០១៨ ឈ្មោះ ស្រ៊ុ​ន សភា និង​ប្រពន្ធ​ឈ្មោះ ឌួង កែវមរកត បាន​ទៅ​ទិញ​ដី និង​ផ្ទះ​របស់​ជនរងគ្រោះ​ឈ្មោះ ហ្គីវ ប៊ុ​នឃាង និង​ឈ្មោះ អ៊ឹ​ង គឹ​មយូ ទំហំ ៨.៥ហិ​កតា មាន​ចំនួន ៥ប័ណ្ណ មានទីតាំងនៅភូមិលេខ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុង​តម្លៃ​សរុប ១១,៩០០,០០០ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ព្រមព្រៀង​គ្នា​បង់​ជា​បណ្ដា​ក់ៗ។

ក្រោយមក​ឈ្មោះ ស្រ៊ុ​ន សភា និង​ប្រពន្ធ​ឈ្មោះ ឌួង កែវមរកត បាន​បង់លុយ​ទៅ​ម្ចាស់ដី​បាន​ចំនួន ៥០ម៉ឺន​ដុល្លារ​អាមេរិក ក៏​ឈប់​បង់ ទើប​ភាគី​ម្ចាស់ដី​ប្ដឹង​ឲ្យ​ភាគី​ទិញ បង់​បន្ត​ទៀត​តាម​កិច្ចសន្យា។ បន្ទាប់មក​ភាគី​អ្នកទិញ​ឈ្មោះ ស្រ៊ុ​ន សភា និង​ប្រពន្ធ​ឈ្មោះ ឌួង កែវមរកត ក៏​ព្រម​ធ្វើ​កិច្ចសន្យា បង់ថ្លៃ​ដី​បន្ត​ទៀត រហូត​បង់​បាន​សរុប ១,៤០០,០០០ដុល្លារ ក៏​ឈប់​បង់​ម្តង​ទៀត។ ពេលនោះ​ភាគី​អ្នកលក់​ក៏បាន​ប្ដឹង​ម្ដងទៀត ទើប​ភាគី​អ្នកទិញ​ព្រម​បង់លុយ​បន្ថែម ចំនួន ១,៣១០,១៥០ដុល្លារ​អាមេរិក។

ដោយសារតែ​ភាគី​អ្នកទិញ ពិបាក​រឿង​លុយកាក់​ពេល ភាគី​អ្នកលក់​ក៏​សម្របសម្រួល​គ្នា​ដោយ​លក់​ត្រឹមតែ ៤ប័ណ្ណ​ឲ្យ​ភាគី​អ្នកទិញ ហើយក៏​ធ្វើ​កិច្ចសន្យា​ថ្មី ដោយ​ភាគី​អ្នកទិញ​ព្រម​ប្រគល់​ប្រាក់​គ្រប់ ចំនួន ១,៦៥០,០០០ដុល្លារ​អាមេរិក (បន្ថែម​លើ​ប្រាក់បង់​រួច​) នៅពេល​ភាគី​អ្នកលក់​រត់ការ​កាត់ឈ្មោះ​ដី ៤ប័ណ្ណ​ឲ្យ​ខ្លួន​ជា​អ្នកទិញ​រួចរាល់។ មិន​ដូច​អ្វី​ដែល​បាន​សន្យា ភាគី​អ្នកទិញ ឈ្មោះ ស្រ៊ុ​ន សភា និង​ឈ្មោះ ឌួង កែវមរកត ពេល​បាន​ទទួល​ប្លង់ដី​ចំនួន ៤ប័ណ្ណ​ពី​អ្នកលក់​រួចរាល់ គឺ​មិនព្រម​បង់លុយ​ថ្លៃ​ដី​ឲ្យ​អ្នកលក់​ទេ និង​បាន​គេចវេស​រហូត។

ជាមួយគ្នា​នោះ ឈ្មោះ ស្រ៊ុ​ន សភា និង​ឈ្មោះ ឌួង កែវមរកត ថែមទាំង​បាន​យកឈ្មោះ ថ្នាក់ដឹកនាំ​ម្នាក់​ទៅ​គំរាម​កំហែក ភាគី​អ្នកលក់​ឲ្យ​ឈប់​ទារ​លុយ​ថ្លៃ​ដី​ដែល​នៅសល់​ថែមទៀត​ផង។ ​ ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច បាន​ឲ្យដឹង​ថា ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​យកឈ្មោះ​ថ្នាក់ដឹកនាំ​ទៅ​ប្រើ​មែន តែ​ថ្នាក់ដឹកនាំ​មិនបាន​ដឹង​ទេ។ ដោយសារតែ​អំពើ​របស់​ជនសង្ស័យ ជា​រឿង​រំលោភបំពាន​ច្បាប់​ហួសហេតុ​ពេក ទើប​ក្រុម​ជនរងគ្រោះ​សម្រេច​ដាក់ពាក្យ​ប្ដឹង ដើម្បីឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌។ ជាមួយគ្នា​នោះ ដើមបណ្ដឹង​សូម​អំពាវនាវ​ដល់​តុលាការ ចាត់ការ​រឿង​នេះ​តាមច្បាប់ ខណៈ​កំពុង​មានការ​អន្តរាគមន៍​ផង​ដែរ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ជនសង្ស័យ​ឈ្មោះ ស្រ៊ុ​ន សភា ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​…​ តែប្រសិនបើ អ្នកមានអំណាចរូបណាមួយ រត់ការប្រើលុយក្រោមតុដើម្បីដោះលែង ឬសម្រួលឱ្យឈ្មោះ ស្រ៊ុ​ន សភា នេះ បានស្ថិតនៅក្រៅឃុំមែន វាប្រៀបដូចធ្វើទុក្ខបុកម្នេញប្រជារាស្ត្រទន់ខ្សោយទៅវិញ ហើយរឿងរំលោភបំពានដីធ្លីប្រជារាស្ត្រនេះ តើឱ្យសង្ឃឹមលើអ្វី?

ករណីនេះ iDol Media រង់ចាំការបំភ្លឺបកស្រាយដោយរីករាយ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស លោក ស៊្រុន​ សភា​ តែម្ដង ហើយយើងសន្យាថា ប្រសិនបើភាគីប្រជារាស្ត្រ និងក្រុមមន្ត្រីស្មោះត្រង់ មានព័ត៌មានច្បាស់ការណ៍យ៉ាងណាទៀតនោះ យើងក៏នឹងផ្សាយជាបន្តទៀតផងដែរ៕​ (ផ្សាយពាណិជ្ជកម្ម​ និងព័ត៌មានផ្សេងៗ Tel : 011 70 37 37 , 097 9000 160.)​