តាមពិត ករណីប្ដីបាញ់សម្លាប់ប្រពន្ធក្នុងរថយន្ដ​ គឺជារឿងទុក្ខអ្វីមិនស្មើទុក្ខប្រពន្ធ២សោះ ធ្វើផ្ទះឱ្យប្រពន្ធចុងស្អាតជាងប្រពន្ធដើម​

0
888

កម្លាំងនគរបាលស្រុកស្អាង​ បានប្រគល់ខ្លួនជនដៃដល់ជាយោធាបាញ់សម្លាប់ភរិយា ទៅឱ្យខាងកម្លាំងកងរាជអាវុធហត្ថរួចហើយ ដើម្បីបន្តនីតិវិធីធ្វើកំណត់ហេតុស្តាប់ចម្លើយ។

បើតាមការលើកឡើងពីជាងដែលធ្វើផ្ទះឱ្យស្ត្រីរងគ្រោះ​ និយាយថា​ ប្រពន្ធរបស់មន្ត្រីយោធារូបនេះ​ ប្រ័ចណ្ឌរឿងប្ដីលួចមានស្រីកំណាន់ ហើយធ្វើផ្ទះឱ្យស្រីកំណាន់​ស្អាតល្អជាងផ្ទះរបស់ខ្លួន។ ប្រពន្ធមិនសប្បាយចិត្តតែងតែនិយាយរឿងនេះញឹកញាប់ ដែលផ្ទះនោះកំពុងសាងសង់នៅឡើយ នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ 

បើតាមដំណើរហេតុភ្លាមៗ ត្រូវបានប្រភពជំហានដំបូងនិយាយថា​ ការឈ្លោះប្រកែកគ្នាអំពីរឿងប្ដីមានទំនាក់ទនងស្រីថ្មី ខណៈកំពុធ្វើដំណើររួមគ្នាក្នុងរថយន្ដ​នោះ​ ក៏បានកើតនូវកំហឹងក្រោធធ្វើឱ្យមន្ត្រីយោធាពាក់ស័ក្តិ៤ម្នាក់នេះ បានដកកាំភ្លើងខ្លីបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន រួចហើយដឹកសពចេញពីភ្នំពេញ ក្នុងបំណងអ្វីមួយ​ ប៉ុន្តែពេលចូលដល់ទឹកដី​ ស្រុកស្អាង​ ខេត្តកណ្តាល ក៏ហៅសមត្ថកិច្ចមកឃាត់ខ្លួនតែម្តង ដោយជនដៃជាប្ដីមិនបានរត់គេចទៅណាឡើយ។

បើតាម​ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងថា តាមពិតទៅ​ ហេតុការណ៍ឃាតកម្មស្វាមីបាញ់សម្លាប់ភរិយានេះ គឺបានកើតឡើងតាមផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឯណោះទេ ខណៈប្ដី-​ប្រពន្ធនេះ​ បានជិះរថយន្ដជាមួយនៅម៉ោងប្រមាណ៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ។

ក្រោយពេលបាញ់សម្លាប់ភរិយានៅក្នុងរថយន្តហើយ បុរសជាប្តីបានដឹកសពភរិយាចេញពីកន្លែងកើតហេតុ មិនដឹងថាក្នុងបំណងអ្វីទេ​ …? លុះទៅដល់ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ក៏ស្រាប់តែបុរសជាប្ដី​ បានទូរស័ព្ទប្រាប់សមត្ថកិច្ចអំពីរឿងរ៉ាងនៃទំនាស់ពាក្យសម្ដីរវាងខ្លួន​ និងប្រពន្ធ​ ដែលឈានទៅដល់ការផ្ទុះអាវុធបណ្ដាលឱ្យស្លាប់ភរិយានេះ​ និងក៏បានហៅសមត្ថកិច្ចឱ្យមកឃាត់ខ្លួនរូបគាត់តែម្តង។

បុរសជាប្ដីដែលត្រូវបានសង្ស័យជាឃាតករ មានឈ្មោះ គឹម សារី អាយុ៥៨ឆ្នាំ ជាមន្ត្រីយោធាពាក់ស័ក្តិ៤ មានតួនាទីជាជំនួយការ​ លោក មុំ លីមឿន អគ្គលេខាធិការក្រសួងការពារជាតិ មានស្រុកកំណើត នៅខេត្តបាត់ដំងបង។​​ ។ រីឯស្ត្រីរងគ្រោះជា ភរិយា មាន ឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ មានស្រុកកំណើតនៅ​ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានខ្លះទៀតឱ្យដឹងថា​ ទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុ​ ភ្លាមៗនេះ​ មិនទាន់បញ្ជាក់ ឬដឹង ពីមូលហេតុនាំឱ្យមានការបាញ់សម្លាប់នេះឡើយ, តែប្រភពខ្លះបានអះអាងថា មុនពេលកើតហេតុ ពួកគាត់ជជែកគ្នាអំពីរឿងរ៉ាវប្ដីមានស្រីថ្មី​ ហើយប្រពន្ធក៏កើតការខឹងក្រោធ​ ប្រតាយប្រតប់គ្នាជាមួយប្ដី​ ហើយថា ប្រពន្ធបានវាសដៃប៉ះកាំភ្លើងដែលបញ្ចូលគ្រាប់រួច ក៏បណ្តាលឱ្យផ្ទុះត្រូវស្លាប់តែម្តង។  ទោះជាយ៉ាងណាក៏ដោយ​ មូលហេតុពិតនៃឃាតកម្មនេះ​ លុះត្រាតែបុរសជាប្ដីផ្ដល់ចម្លើយស្មោះត្រង់។

សូមបញ្ជាក់ថា​ ប្ដី-​ប្រពន្ធនេះ​ មានកូនស្រីជំទង់ម្នាក់ក្នុងបន្ទុក ហើយមានផ្ទះនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានលក់យកលុយទៅធ្វើផ្ទះថ្មីនៅ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ធ្វើមិនទាន់រួចរាលនៅឡើយទេ។ ដោយឡែកប្តីឆ្លៀតលួចមានប្រពន្ធចុង និងបានធ្វើផ្ទះថ្មីឱ្យប្រពន្ធចុងនេះធំជាងផ្ទះខ្លួនឯង ទើបកើតជាវិបត្តិក្នុងគ្រួសារប្រពន្ធដើមរករឿង​ ទីបំផុតប្រពន្ធស្លាប់ ទុកឱ្យកូនស្រីម្នាក់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ពេលនេះ ជនដៃដល់ កំពុងស្ថិតក្នុងការសាកសួរពីកងរាជអាវុធហត្ថ​ ស្រុកស្អាង តាមនីតិវិធី៕