ក្ដីប្រច័ណ្ឌ ជាដើមចមធ្វើឱ្យប្ដីជាមន្ត្រីយោធាបាញ់សម្លាប់ប្រពន្ធក្នុងរថយន្ដ​ ហើយបើកចេញទៅ ប៉ុន្តែបែរជាហៅ​សមត្ថកិច្ច…

0
495

ការឈ្លោះប្រកែកគ្នាអំពីរឿងទំនាក់ទនងជាមួយមិត្តភក្ដិ ខណៈកំពុធ្វើដំណើររួមគ្នាក្នុងរថយន្ដ​ បានកើតនូវកំហឹងក្រោធធ្វើឱ្យមន្ត្រីយោធាពាក់ស័ក្តិ៤ម្នាក់ ដែលប្រភពជំហានដំបូងថា​ បានដកកាំភ្លើងខ្លីបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន រួចហើយដឹកសពចេញពីភ្នំពេញ ក្នុងបំណងអ្វីមួយ​ ប៉ុន្តែពេលចូលដល់ទឹកដី​ ស្រុកស្អាង​ ខេត្តកណ្តាល ក៏ហៅសមត្ថកិច្ចមកឃាត់ខ្លួនតែម្តង ដោយជនដៃជាប្ដីមិនបានរត់គេចទៅណាឡើយ។

បើតាម​ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងថា តាមពិតទៅ​ ហេតុការណ៍ឃាតកម្មស្វាមីបាញ់សម្លាប់ភរិយានេះ គឺបានកើតឡើងតាមផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឯណោះទេ ខណៈប្ដី-​ប្រពន្ធនេះ​ បានជិះរថយន្ដជាមួយនៅម៉ោងប្រមាណ៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០នេះ។

ក្រោយពេលបាញ់សម្លាប់ភរិយានៅក្នុងរថយន្តហើយ បុរសជាប្តីបានដឹកសពភរិយាចេញពីកន្លែងកើតហេតុ មិនដឹងថាក្នុងបំណងអ្វីទេ​ …? លុះទៅដល់ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ក៏ស្រាប់តែបុរសជាប្ដី​ បានទូរស័ព្ទប្រាប់សមត្ថកិច្ចអំពីរឿងរ៉ាងនៃទំនាស់ពាក្យសម្ដីរវាងខ្លួន​ និងប្រពន្ធ​ ដែលឈានទៅដល់ការផ្ទុះអាវុធបណ្ដាលឱ្យស្លាប់ភរិយានេះ​ និងក៏បានហៅសមត្ថកិច្ចឱ្យមកឃាត់ខ្លួនរូបគាត់តែម្តង។

បុរសជាប្ដីដែលត្រូវបានសង្ស័យជាឃាតករ មានឈ្មោះ គឹម សារី អាយុ៥៨ឆ្នាំ ជាមន្ត្រីយោធា នៃក្រសួងការពារជាតិ​ ។ រីឯស្ត្រីរងគ្រោះជា ភរិយា មាន ឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ មានស្រុកកំណើតនៅ​ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានខ្លះទៀតឱ្យដឹងថា​ ទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅកន្លែងកើតហេតុ​ ភ្លាមៗនេះ​ មិនទាន់បញ្ជាក់ ឬដឹង ពីមូលហេតុនាំឱ្យមានការបាញ់សម្លាប់នេះឡើយ, តែប្រភពខ្លះបានអះអាងថា មុនពេលកើតហេតុ ពួកគាត់ជជែកគ្នាអំពីរឿងរ៉ាវមិត្តភក្ដិ ហើយក៏កើតការអន់ចិត្តគ្នា ប្ដីប្រច័ណ្ឌប្រពន្ធ និងប្រតាយប្រតប់ ហើយថា ប្រពន្ធវាសដៃប៉ះកាំភ្លើងដែលបញ្ចូលគ្រាប់រួច ក៏បណ្តាលឱ្យផ្ទុះត្រូវស្លាប់តែម្តង។

យោងទៅលើហេតុបាញ់សម្លាប់នេះ​ កើតឡើងនៅលើទឹកដី រាជធានីភ្នំពេញ ដូច្នេះជនសង្ស័យត្រូវបានសមត្ថកិច្ចខេត្តកណ្ដាល ប្រគល់មកឱ្យសមត្ថកិច្ច​ នៅរាជធានីភ្នំពេញ ជាអ្នករៀបចំចាត់ចែង កសាងសំណុំរឿង បញ្ជូនទៅតុលការតាមនីតិវិធីច្បាប់… រីឯមូលហេតុពិតយ៉ាងណានោះ លុះត្រាតែបុរសជាប្ដីផ្ដល់ចម្លើយស្មោះត្រង់៕