មិនដឹងថា ជាការបង្ក្រាប ឬ ខុសលក្ខណសម្បត្តិអ្វី សមត្ថកិច្ចចម្រុះចុះបិទទីតាំងស្តុក និងដកហូតផលិតផលជំនួយសម្រស់ ៦៧មុខ យកទៅពិនិត្យ

0
204

ផលិតផលជំនួយសម្រស់ មាន មេឡេគីឡូ គ្រឿងក្រអូប ជែលលាងដៃ អាល់កុល និងផលិតផលផ្សេងៗទៀត ដែលមានទីតាំងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចចម្រុះបើកប្រតិបត្តិការចុះចាត់នីតិវិធី នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ក្នុងគោលបំណងទប់ស្កាត់ ការបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។

ប្រតិបត្តិការនេះ គេមិនទាន់ដឹងថា តើផលិតផលខាងលើនេះ មានខុសលក្ខណសម្បត្តអ្វីនោះទេ ហើយគេក៏មិនដឹងដែរថា គួរហៅថា នេះជាការបង្ក្រាប ឬត្រួតពិនិត្យ ឬកែសម្រួលអ្វីនោះឡើយ ? គេគ្រាន់តែដឹងថា សមត្ថកិច្ចចុះប្រតិបត្តិការនេះ មានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយគណៈកម្មាធិកាប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ តូច យ៉ុន អនុប្រធានលេខាធិការដ្ឋាន នៃ ក្រសួងមហាផ្ទៃ , កម្លាំងមន្ទីរសុខាភិបាលខេត្ត តំណាងចៅសង្កាត់តាខ្មៅ និងមេភូមិតាខ្មៅ និងមានការចូលរួមពី លោក សូ សុវិទ្យា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាលផងដែរ ។

សូមបញ្ជាក់ថា ម្ចាស់ទីតាំងស្តុកផលិតផលខាងលើ ឈ្មោះ គួច ឆេងគីម ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ៤៣ ផ្លូវ១០៥ ក្រុងតាខ្មៅ ខេត្តកណ្ដាល ពុំត្រូវបានឃាត់ខ្លួននោះទេ ប៉ុន្តែកម្លាំងចម្រុះបានសម្រេចបិទទីតាំង ព្រមទាំងដកហូតផលិតផលចម្រុះ ចំនួន ៦៧មុខ ធ្វើជាសំណាកយកទៅពិនិត្យនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ បង្កហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ៕