រាជធានីភ្នំពេញ​ បន្ថែម​រោងចក្រ​ប្រព្រឹត្តិ​កម្មទឹក​ស្អាត​ចំការ​មនថ្មី​មួយ​ទៀត​​ ដើម្បី​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​ទឹក​មាន​ទំហំច្រើន​ឡើង​​

0
75

ភ្នំពេញ​ ៖​ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ នៅថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៩​ ថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកបង្កើនបរិមាណផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋ​ កាត់បន្ថយការចុះខ្សោយនៃសម្ពាធទឹកសម្រាប់ប្រើប្រាស់​ ត្រូវបានដាក់ដំណើរការហើយ។​

លោកអគ្គនាយកបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន មានសមត្ថភាពផលិតទឹក៥២,០០០ម៉ែត្រគូបក្នុង១ថ្ងៃ ដែលបានការគាំទ្រហិរញ្ញប្បទាន ពីទីភ្នាក់ងារបារំាងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សរុបប្រមាណ២៥លានដុល្លារអាមេរិក ហើយក្រុមហ៊ុនទទួលសិទ្ធិម៉ៅការសាងសង់ VINCI (វិនស៊ី) របស់ប្រទេសបារាំង។

បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងដំណើការរោងចក្រផលិតទឹកស្អាតចំនួន៣ទីតាំង គឺរោងចក្រផលិតទឹកស្អាតនិរោធ ដែលមានសមត្ថភាពផលិតទឹកបាន២៦ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ, រោងចក្រផលិតទឹកស្អាតជ្រោយចង្វារ ផលិតទឹកស្អាតបាន១៤ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ និងរោងចក្រផលិតទឹកស្អាតភូមិព្រែក ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានសមត្ថភាពផលិតទឹកបាន១៧ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ។

ចាប់ពីទី១៦ ខែតុលា ឆ្នាំ២០១៩​ នេះតទៅ​ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន ត្រូវបានដាក់ដំណើរការទៀតនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចផលិតទឹកស្អាតកើនឡើងជាង៦២ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ខណៈដែលតម្រូវការប្រើប្រាស់ទឹកមានទំហំច្រើនឡើង ដែលនាំឲ្យសម្ពាធទឹកធ្លាក់ចុះពិសេសប្រជាពលរដ្ឋ ដែលរស់នៅជាយៗក្រុង៕​