ចុម…! សុទ្ធតែអ្នកមានអំណាច ចាក់ដីលុបព្រែកដៃទន្លេ​ នៅភូមិជ្រោយអំពិល១ ជាសកម្មភាពល្មើសច្បាប់ ឬក៏ត្រឹមត្រូវ ?

0
144

ប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់សារព័ត៌មាន iDol Media ថា មានជនមួយចំនួនដែលតាមដឹងថា ជាលោកឧកញ៉ា អ្នកអំណាចទឹកប្រាក់​ និងមន្ត្រីមានអំណាចធំៗ នៅតាមស្ថាប័នរដ្ឋខ្លះ​ កំពុងចាក់ដីលុប ព្រែកដៃទន្លេ​មេគង្គ នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រាប់សិបហិចតាយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តើ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ​ និង លោក ឃួង​ ស្រេង អភិបាល​រាជធានីភ្នំពេញ បានជ្រាប និងមានវិធានការហើយឬនៅ ? ​

គេមិនអាចដឹងថា លោកឧកញ៉ា អ្នកអំណាចទឹកប្រាក់​ និងមន្ត្រីមានអំណាចធំៗ នៅតាមស្ថាប័នរដ្ឋខ្លះដែលចាក់ដីលុបព្រែកនៅទីតាំងខាងលើ​ មានឈ្មោះអ្វីខ្លះនោះទេ ពីព្រោះប្រជាពលរដ្ឋបានស៊ើបសួររួចហើយ​ គ្មាននរណាហ៊ានប្រាប់ទេ​ ហើយទីបំផុតប្រជាពលរដ្ឋដែលចង់ដឹងរឿងនេះ បែរជាទទួលរងនូវការគំរាមអាក្រក់ៗវិញទៀតផង …​ ចំណែកអ្នកសារព័ត៌មាន បានចុះសាកសួរពីហេតុផល និងភាពត្រឹមត្រូវឬយ៉ាងណានោះ អំពីសកម្មភាពចាក់ដីលុបព្រែក នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ នេះ​ ក៏គ្មានអ្នកណាប្រាប់ដែរ ព្រោះប៉ះពាល់ដល់អំពើអាក្រក់​ អំពើល្មើស និងប្រយោជន៍របស់អ្នកប្រព្រឹត្តិ រួមទាំងអ្នកគប់គិត…​ ដូមច្នេះទេ មានតែពឹងលើ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ​ និង លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ​ ហើយ ដើម្បីជួយពន្យល់ប្រាប់ប្រជាពលរដ្ឋផង ថា តើសកម្មភាពនេះ ខុសច្បាប់ ឬ ត្រឹមត្រូវ ? សម្អាងទៅលើមូលហេតុអ្វី ? ​

ប្រជាពលរដ្ឋបានបញ្ជាក់ថា​ ចំណុចដែលគេចាក់ដីលុបព្រែកវាតទីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ​ មាននៅផ្នែកខាងក្រោយភូមិវៀតណាម​ (ផ្ទះបណ្ដែតទឹក)​ និងផ្នែកខាងម្ដុំកំពង់ទូដករ គឺវាតយកជាច្រើនហិចតា។ លើសពីនេះទៀត អ្នកមានអំណាចទឹកលុយ​ និងអ្នកមានអំណាចតួនាទីទាំងនោះ​ ថែមទាំងសាងសង់ ផ្ទះថ្ម ផ្ទះវីឡា និងភូមិគ្រឹះ ខ្លះធំខ្លះតូច យ៉ាងហំហាន គ្មានញញើតច្បាប់អីម៉ាបន្តិច។

ប្រជាពលរដ្ឋលើកឡើងថា ៖ តើអាជ្ញាធរមានសមត្ថកិច្ច​ បានជ្រាបករណីនេះដែរ ឬក៏អត់ ? បើមិនទាន់ជ្រាប សូមមេត្តាចុះពិនិត្យ ផង , តែបើជ្រាបហើយ សូមមេត្តាជួយពន្យល់ផងថា តើនេះជាសកម្មភាពល្មើសច្បាប់ ឬក៏ត្រឹមត្រូវ ? នេះជាចម្ងល់របស់ប្រជាពលរដ្ឋ សូម លោកអភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌច្បារអំពៅ មេត្តាជួយពន្យល់ផង ។

ករណីនេះ iDol Media រង់ចាំការបំភ្លឺបកស្រាយដោយរីករាយ ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមមន្ត្រីស្មោះត្រង់ ហើយសន្យាថា បើមានព័ត៌មានច្បាស់ការណ៍យ៉ាងណាទៀតនោះ យើងក៏នឹងផ្សាយជាបន្តទៀត៕​ (ផ្សាយពាណិជ្ជកម្ម​ និងព័ត៌មានផ្សេងៗ Tel : 011 70 37 37 , 097 9000 160.)​