លទ្ធផល លោក សុវណ្ណ រិទ្ធី នៅតុលាការដែលមហាជនរង់ចាំអ៊ុតមើលយ៉ាងអន្ទះសានោះ​ បានបើកគម្របហើយ !

0
1765

គ្មានជម្រើសអ្វី ក្រៅពីឃុំខ្លួនបណ្ដោះអាសន្ននោះទេ ! ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កី ម៉ានេរ៉ា នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៌មាន TVFB ដាក់ពន្ធនាគារ PJ ជាបណ្ដោះអាសន្ន ពីបទ «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។

ដីកាបង្គាប់ឲ្យឃុំខ្លួន និងការចោទប្រកាន់ទៅលើ អគ្គនាយក សារព័ត៌មាន TVFB នេះ បានធ្វើឡើងបន្ទាប់ពីជនត្រូវចោទ បានផ្សព្វផ្សាយព័ត៌មាន មានចរិតញុះញង់ មានទាំងខ្លឹមសារផង និង LIVE  វីដេអូផង តាមបណ្តាញសង្គម ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារជំងឺ COVID-19 ។

បង្ហាញនូវអារម្មណ៍ភិតភ័យ​ក្នុងបន្ទប់សួរចម្លើយរបស់តំណាងអយ្យការ​  លោក សុវណ្ណ រិទ្ធី ដែលត្រូវបានគេស្គាល់ថា ជាអគ្គនាយកសារព័ត៌មាន TVFB នោះ​ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០​ នេះ ត្រូវបាន លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ឱ្យដឹងថា​ កំពុងបន្តបើកការស៊ើបសួរ​ លោក សុវណ្ណ រិទ្ធី ក្រោយសមត្ថកិច្ចនគបាលឃាត់ខ្លួន។

ពាក់ព័ន្ធនឹងការឃាត់ខ្លួននេះដែរ លោក សុវណ្ណ រិទ្ធី កំពុងប្រឈមនឹងបញ្ញត្តិត្រង់ មាត្រា៤៩៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងអំពើរញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ក្រោមបទចោទប្រកាន់បានផ្សព្វផ្សាយព័ត៌មាន មានចរិតញុះញង់ មានទាំងខ្លឹមសារផង និង LIVE វីដេអូផងតាមបណ្តាញសង្គមផង ក្នុងគ្រាដែលរាជរដ្ឋាភិបាលជាប់ដៃមមាញឹកប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃជំងឺ  COVID-19 ។   

មិនឱ្យពេលវេលាកន្លងផុតទៅ២៤ម៉ោងទាន់​ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះនៃការឃាត់ខ្លួន លោក​ សុវណ្ណ រិទ្ធី , រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក​ ខៀវ​ កាញារីទ្ធ បានចេញសេចក្ដីប្រកាសលុបចោលអាជ្ញាប័ណ្ណភ្លាមៗ ដោយបញ្ជាក់ថា «លុបប្រកាសរបស់ក្រសួងព័ត៌មាន ដែលអនុញ្ញាតឲ្យលោក សុវណ្ណ សុខា បើកដំណើរការផ្សាយគេហទំព័រឈ្មោះ www.tvfb.com.kh គេហទំព័រ www.fbtv.news និងមជ្ឈមណ្ឌលផ្សព្វផ្សាយ TVFB ដោយម្ចាស់អាជ្ញាប័ណ្ណនេះ​ បានផ្សព្វផ្សាយព័ត៌មាន ដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម»

ខណៈសមត្ថកិច្ចក្រៀកចុះពីរថយន្ដ ហើយនាំចូលទៅក្នុងបន្ទប់សវនដ្ឋានដោយមិនទុកពេលឱ្យរ៉ែរ៉នោះ លោក សុវណ្ណ រិទ្ធី ក្នុងទឹកមុខស្លេកស្លាំងបង្ហាញនូវភាពភិតភ័យ ជាមួយនឹងរាងកាយញ័រចំប្រប់​ បានធ្លោយវោហារប្រាប់ដល់អ្នកសារព័ត៌មានថា « ជួយមើល ប្រពន្ធ-​កូន ខ្ញុំផង​ … » ។

សូមរំលឹកថា លោក សុវណ្ណ រិទ្ធី អគ្គនាយកសារព័ត៌មាន TVFB​ ត្រូវបានកម្លាំងនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនកាលពីយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ហើយនៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ខណៈពេលនេះ​ សាលាដំបូងកំពុងដំណើរការនីតិវិធី ។

យោងតាមបញ្ញត្តិ នៃមាត្រា ៤៩៥​ បានចែងថា​ ត្រូវផ្ដន្ទាទោសជនដែលប្រព្រឹត្តិ បទល្មើស «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ​ ទៅ ២ឆ្នាំ​ និងពិន័យជាប្រាក់​ពី ១លានរៀល​ ទៅ៤លានរៀល​ ប្រសិនបើការញុះញង់នេះ​ គ្មានប្រសិទ្ធភាពទេ៕​