អ្នកឆ្លងមេរោគកូវីដ-១៩​ នៅកម្ពុជាកើនដល់១០៩នាក់ (រកឃើញថ្មី០២នាក់)​ ខណៈនៅជុំវិញពិភពលោក មានអ្នកឆ្លងលើសពី ៧០ម៉ឺននាក់ហើយ​ !

0
202

ការធ្វើតេស្ដរបស់ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគ កូវីដ-១៩​ ចំនួន ០២នាក់ បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងសរុបនៅប្រទេសកម្ពុជា កើនឡើងដល់ចំនួន ១០៩នាក់ ខណៈអ្នកជាសះស្បើយសរុប ២៣នាក់ និងកំពុងសម្រាកព្យាបាល៨៦នាក់ នៃអ្នកឆ្លងសរុប១០៩នាក់ បើគិតត្រឹមព្រឹក​ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។ 

អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី២នាក់នេះ រួមមានស្រ្តីជនជាតិខ្មែរ​ អាយុ៣៩ឆ្នាំម្នាក់​ និងកូនប្រុសរបស់គាត់ អាយុ១២ឆ្នាំ ម្នាក់ទៀត រស់នៅខេត្តសៀមរាប។ ពួកគាត់ទាំងពីរ គឺជាប្រពន្ធ និងកូន របស់បុរសម្នាក់ ដែលមានផ្ទុកកូវីដ១៩ ក្រោយពេលត្រឡប់ពីចូលរួមបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី។

ដោយឡែកអ្នកកំពុងសម្រាកព្យាបាលវិញ មានចំនួន ៨៦នាក់ (ស្ត្រី២៨នាក់ ,និងបុរស៥៨នាក់) នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ ថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ចំណែកអ្នកវីរុសកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងប្រទេស សរុប១០៧នាក់ (ស្ត្រី២៩នាក់ និងបុរស៧៨នាក់) ។

ក្រឡេកទៅមើលពិភពលោកវិញ​ បើតាមគេហទំព័រពិភពលោក Worldmeters.info បានបង្ហាញថា គិតត្រឹមថ្ងៃទី៣០​ ខែមីនា ឆ្នាំ២០២០នេះ ករណីឆ្លងជំងឺ COVID-19 នៅជុំវិញពិភពលោក កើនលើសពី ៧០ម៉ឺននាក់ហើយ ខណៈសហរដ្ឋអាមេរិកឈរលើកំពូលតារាង នៃចំនួនអ្នកឆ្លងជំងឺដ៏សាហាវនេះច្រើនជាងគេ ហើយប្រទេសឈរលេខ២ គឺ អ៉ីតាលី និងលេខ៣ គឺ ប្រទេសចិន៕