ថ្ងៃក្រោយសូមកុំរាង ចូលគុកលេង​ (មាត្រា ២១៨ និង ២១៩), មន្ត្រីយោធា២នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីទះកំផ្លៀងជនពការច្រើនដៃ​ !

0
659

អង្គភាពយោធភូមិភាគទី៥ បានប្រគល់ខ្លួនមន្ត្រីយោធាដែលជាជនដៃដល់ប្រព្រឹតិ្តអំពើហិង្សាលើបុគ្គលិកមានពិការភាព បម្រើការនៅក្រុមហ៊ុនអគ្គីសនីខេត្តប៉ៃលិន ដល់មន្ត្រីនគរបាលយុត្តិធម៍អាវុធហត្ថ ខេត្តប៉ៃលិន ចាត់ការតាមនីតិវិធីច្បាប់។

ការប្រគល់ខ្លួនជនដៃដល់នេះ ធ្វើឡើងបន្ទាប់ពី លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងលោក វង សូត ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានអំពាវនាវឱ្យសមត្ថកិច្ច និងអាជ្ញាធរខេត្តប៉ៃលិន ចាត់វិធានការលើជនដៃដល់ជាមន្ត្រីយោធាប្រព្រឹត្តិអំពើហិង្សា លើបុគ្គលិកមានពិការភាព បម្រើការនៅក្រុមហ៊ុនអគ្គិសនីខេត្តប៉ៃលិន យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។

លុះមកដល់រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ អង្គភាពយោធភូមិភាគទី៥ បានប្រគល់ខ្លួនជនបង្កជាមន្ត្រីយោធាទាំង ២រូប ឱ្យទៅខាង សមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តប៉ៃលិន ចាត់ការបន្តតាមនីតិវិធី ដើម្បីឆ្លុះបញ្ចាំងពីភាពរឹងមាំនៃច្បាប់ ចៀសវាងនូវអ្វីដែលគេរិះគន់ថា ច្បាប់មានតែនៅលើក្រដាស ។

សូមបញ្ជាក់ថា តាមដំណើររឿងហេតុដែលឈានទៅដល់ហិង្សានេះ បើតាមជនរងគ្រោះបានរៀបរាប់ថា ក្រុមទាហានខាងលើមិនបានបង់លុយថ្លៃប្រើប្រាស់ភ្លើងតយ:ពេល ៦ខែ ហើយ លុះក្រុមហ៊ុនអគ្គិសនីផ្ដាច់ចរន្តភ្លើង ពួកគេក៏ខឹងក្រេវក្រោធ ច្រឡោងខាម មិនដឹងក្បាលកន្ទុយ ទៅវាយបុគ្គលិកជនពិការ (ផ្ទះកំផ្លៀងច្រើនដៃ) របស់ក្រុមហ៊ុនអគ្គិសនី ដល់ទីតាំង់ក្រុមហ៊ុនរបស់គេយ៉ាងងើល ។

យោងតាមមាត្រា ២១៨ និង ២១៩ ច្បាប់ស្ដីពី អំពើហិង្សាមានស្ថានទម្ងន់ទោស នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា ចែងថា ៖

-​ ( មាត្រា ២១៨ ស្ថានទម្ងន់ទោស ) ៖ អំពើហិង្សាដោយចេតនា​ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ២ ទៅ ៥ ឆ្នាំ  និងពិន័យជាប្រាក់ ពី​ ៤លាន ទៅ ១០លានរៀល​ កាលបើអំពើហិង្សានេះ​ បានប្រព្រឹត្តិ ៖

១-​ ដោយមានការគិតទុកជាមុន​ ,

២-​ ដោយប្រើអាវុធ​ ឬគំរាមកំហែងដោយអាវុធ​ ,

៣-​ ដោយមានមនុស្សច្រើននាក់​ ក្នុងឋានៈជាចារី​ សហចារី អ្នកផ្ដើមគំនិត​ និងជាអ្នកសមកំនិត​

-​ ( មាត្រា ២១៩ ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ) ៖​ អំពើហិង្សាដោយចេតនា​ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ២ ទៅ ៥ ឆ្នាំ  និងពិន័យជាប្រាក់ ពី​ ៤លាន ទៅ ១០លានរៀល​ កាលបើអំពើហិង្សានេះ​ ត្រូវបានប្រព្រឹត្តិទៅលើ ៖

១-​ ជនដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនែបុគ្គលនោះ​ ,

២-​ នារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្ដែង​ ឬកាលបើជនល្មើសបានដឹង​ ,

៣-​ បុគ្គលដែលទន់ខ្សោយពិសេស​ ដោយមូលហេតុនៃជំងឺ​ ឬពិការភាព​ កាលបើពិការភាព​ បុគ្គលនេះត្រូវបានគេឃើញជាក់ស្ដែង​ ឬកាលបើជនល្មើសបានដឹង​ ។

ច្បាប់បានបញ្ញត្តិបែបនេះ​ បើមិនជឿសាកមើលទៅ​ ដូចមន្ត្រីយោធា២នាក់​ នេះអីចឹង​…​ ថ្ងៃក្រោយ សូមកុំរាង បើចង់ជាប់ខ្នោះ​ និងជាប់គុក​ ៕​