អង្គភាពអ្នកនាំពាក្យ ៖ រាជរដ្ឋាភិបាលមិនបានដាក់បម្រាម ឬបទញ្ជាឱ្យបិទទីក្រុងភ្នំពេញនោះទេ​

0
608

មានគេបំពុលសង្គមថា​ រាជរដ្ឋាភិបាលបិទទីក្រុងភ្នំពេញ ដើម្បីទប់ស្កាត់ ការរីករាលដាល វីរុស COVID-19 រហូតធ្វើឱ្យពលរដ្ឋមួយចំនួនកើតអារម្មណ៍ច្របូកច្របល់​​…​ ទោះជាយ៉ាងណាក៏ដោយ​ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅរសៀល​ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានច្រានចោលដំណឹងបំពុលសង្គមនោះ​ ដោយបញ្ជាក់ថា «រាជរដ្ឋាភិបាលមិនបានដាក់បម្រាម ឬបទញ្ជាឱ្យបិទទីក្រុងភ្នំបេញនោះទេ»

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ វីរុសខូវីដ-​១៩ ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រធាន ក៏ដូចជាឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលជាច្រើនរូបទៀត​ ជាអនុប្រធាន រួមទាំង លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាអនុប្រធានប្រចាំការ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុត និងជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរីករាលដាលនៃ វីរុសខូវីដ-​១៩។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអំពាវនាវសារជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំមានការភ្ញាក់ផ្អើលស្លន់ស្លោ ដែលនាំឲ្យមានភាពចលាចល ប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងជាពិសេសបង្កឲ្យឡើងថ្លៃទំនិញហួសហេតុ ដោយមិនសមហេតុសមផល , «រាជរដ្ឋាភិបាលមិនបានដាក់បម្រាម ឬបទញ្ជាឱ្យបិទទីក្រុងភ្នំបេញនោះទេ»