បព្វជិតមួយអង្គខឹងនឹងបព្វជិតមួយអង្គទៀត ដឹងរឿងថា ជាអ្នកសេពថ្នាំញៀន និងញៀនថ្នាំ ក៏កើតក្រោធស្ទុះទៅទាញកាំបិតចុងស្រួច ចាក់សម្លាប់បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅវត្តដេអេ ភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក យ៉ាន់ សាណី នាយប៉ុស្តិ៍នគរបាលឃុំពូជ្រៃ បានប្រាប់អ្នកសារព័ត៌មានថា ជុំវិញរឿងរ៉ាវនេះ លោកសង្ឃ ២អង្គ បានទាស់ពាក្យសម្តីគ្នា កើតជាភ្លើងកំហឹង រហូតចាក់គ្នាស្លាប់នោះ គឺយើងប្រមូលព័ត៌មានបានថា ផ្ដើមចេញពីលោកសង្ឃមួយអង្គ (សង្ឃរងគ្រោះ) បានដឹងរឿង សង្ឃមួយអង្គទៀត សេពថ្នាំញៀន ឬញៀនថ្នាំ , ហើយសង្ឃដៃដល់ខឹងគេចោទថា ខ្លួនញៀនថ្នាំនោះ ក៏ទៅរករឿងសង្ឃរងគ្រោះ រួចហើយកើតជាទំនាស់ពាក្យ និងឈានទៅចាក់សម្លាប់សង្ឃរងគ្រោះតែម្ដងទៅ ។
សង្ឃទាំង២អង្គខាងលើនេះ សុទ្ធតែបាននិមន្តមកពីភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម ចូលមកគង់នៅវត្តដេអេ ក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោកសង្ឃរងគ្រោះ មានព្រះនាម ថ្លាង វុធ អាយុ២៤ ឆ្នាំ (ស្លាប់)។ រីឯសង្ឃដៃដល់ មានព្រះនាម ធឿន នី អាយុ៣៩ឆ្នាំ ហើយត្រូវបានសមត្ថកិច្ចវាយខ្នោះ នាំយកទៅការិយាល័យប៉ុស្ដិ៍ ចាត់ការតាមនីតិវិធី ៕







