ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានធ្វើការប្រកាសស្ដីពីការបិទសាលារៀនទាំងអស់នៅក្នុងប្រទេសបារាំង នៅថ្ងៃចន្ទ ទី១៦ ខែមីនា សប្ដាហ៍ក្រោយនេះ ដែលនេះជាការថ្លែងសាររបស់ លោក ម៉ាក្រុង តាមកញ្ចក់ទូរទស្សន៍ ទៅប្រកាន់ប្រជាជាតិបារាំង ជុំវិញការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកល COVID-19 ដែលបានផ្ដាច់ជីវិតប្រជាជនបារាំង ៦១នាក់ និងអ្នកឆ្លងជាង ២,៩០០នាក់។
សារព័ត៌មាន CNA បានផ្សាយនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឱ្យដឹងថា លោក ម៉ាក្រុង បានគូសបញ្ជាក់ថា សាលារៀននៅក្នុងប្រទេស រាប់ចាប់ពីសាលាមត្តេយ្យ ដល់សាកលវិទ្យាល័យ នឹងត្រូវបិទទ្វារជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយតទៅ (ថ្ងៃទី១៦ មីនា ២០២០) រហូតដល់មានការជូនដំណឹងជាថ្មី ខណៈបារាំងកំពុងប្រឈមនឹងវិបត្តិសុខាភិបាលធ្ងន់ធ្ងរប្រចាំសតវត្សរ៍ដោយសារ COVID-19 ៕




