បន្តឹងមួយកម្រិតទៀតហើយ!​ កម្ពុជាផ្អាកការចូលចតនៃនាវាដឹកអ្នកដំណើរ ឬដឹកអ្នកទេសចរ រហូតដល់មានការសម្រេចជាថ្មី

0
278

កម្ពុជាបានសម្រេចផ្អាកការអនុញ្ញាតចូលចតនៃនាវាដឹកអ្នកដំណើរ ឬដឹកអ្នកទេសចរ ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី ដើម្បីបង្ការការរីករាលដាលនៃជំងឺឆ្លង COVID-19 ពីអ្នកដំណើរបរទេសដែលធ្វើដំណើរតាមនាវាផ្សេងៗ ។​

នេះបើតាមលិខិតរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូនម្ចាស់នាវា និងភ្នាក់ងារនាវា នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ដែលសារព័ត៌មាន​ iDol Media ទទួលបាន នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា​ សរុបចំនួនអ្នកឆ្លង Covid-19 នៅកម្ពុជា បានកើនឡើងដល់ ៥នាក់ហើយ​ ក្នុងនោះមាន ៖ ១-​ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ), ២-​ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប, ៣-​ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ , ៤-​ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ , ៥-​ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ, ( ៣នាក់ចុងក្រោយ ជាអ្នកដំណើរលើនាវា Viking Cruise Journey នៅខេត្តកំពង់ចាម) ៕