ភាគីពាក់ព័ន្ធសុខាភិបាល​ វាយតម្លៃជារួមថា​ មេរោគ​ Covid-19 មិនទាន់រាតត្បាតចូលសហគមន៍កម្ពុជាទេ

0
279

ការវាយតម្លៃរួមមួយ ដែលកើតចេញពីការស្រាវជ្រាវយ៉ាងសកម្មរបស់ក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០​ នេះ ដោយបញ្ជាក់ថា មេរោគកូវីដ១៩ (Covid-19) នៅមិនទាន់បានរាតត្បាតចូលសហគមន៍កម្ពុជានៅឡើយទេ បើទោះជាក្រសួងសុខាភិបាលបានរកឃើញថា មានជនជាតិខ្មែរម្នាក់ឆ្លងជំងឺកូវីដពីជនជាតិជប៉ុនក៏ដោយ។

ការវាយតម្លៃនេះ បានធ្វើឡើងជារួមបន្ទាប់ពីមានកិច្ចប្រជុំរវាង តំណាងក្រសួងសុខាភិបាលកម្ពុជា តំណាងអង្គការសុខាភិបាលពិភពលោក តំណាងមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) និងវិទ្យាស្ថានប៉ាស្ទ័រ នៅក្នុងខេត្តសៀមរាប នៅថ្ងៃទី០៩ ខែមីនានេះ បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តទៅលើមនុស្សចំនួន២២នាក់ផ្សេងទៀត ដែលបានស្និទ្ធស្នាលនឹងជនជាតិខ្មែរ និងជនជាតិជប៉ុន ដែលឆ្លងជំងឺកូវីដ១៩ ឃើញថាអវិជ្ជមានទាំងអស់។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ បានបញ្ជាក់ថា​ រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញករណីកូវីដ១៩ តែ២ករណីប៉ុណ្ណោះ ក្នុងនោះ មានទី១ គឺនៅលើខ្លួនជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ដែលត្រូវព្យាបាលជាសះស្បើយ ហើយចាកចេញពីកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ និងមួយករណីទៀត គឺនៅលើខ្លួនបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប៕​