បើមិនហៅថាដំណឹងល្អ​ មិនបានទេ​ !​ អាជ្ញាធរចិន អះអាងថា អ្នកឆ្លងមេរោគ COVID-19 នឹងធ្លាក់ដល់កម្រិត «សូន្យ» នៅដំណាច់ ខែមីនា នេះ

0
21830

ទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន នឹងអាចមើលឃើញនូវការធ្លាក់ចុះអ្នកឆ្លងមេរោគ COVID-19 ថ្មីៗដល់កម្រិត «សូន្យ» តែម្តងនាចុងខែមីនា ឆ្នាំ២០២០។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់សម្តីរបស់មន្ត្រីជំនាញចិនមួយរូប ដែលស្ថិតនៅក្នុងស្ថាប័នជួរមុខរបស់ចិន ក្នុងការទប់ស្កាត់ការឆ្លង និងរីកដាលនៃមេរោគ COVID-19។

បើតាមតួលេខដែលបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍នោះ នៅក្នុងថ្ងៃពុធសប្តាហ៍នេះ មានអ្នកឆ្លងមេរោគ COVID-19 ថ្មីៗចំនួនតែ ១៣៩នាក់ប៉ុណ្ណោះ នៅទូទាំងប្រទសចិន ហើយនៅប៉ុន្មានថ្ងៃមុន គឺនៅថ្ងៃចន្ទ និងអង្គារដើមសប្តាហ៍នេះ អត្រាឆ្លងថ្មីៗបានបង្ហាញសញ្ញាធ្លាក់ចុះខ្លាំងរួចទៅហើយ។

ការធ្លាក់ចុះនេះ គឺបង្ហាញអំពីប្រសិទ្ធភាព នៃការទប់ស្កាត់ការរីករាលដាល នៅក្នុងទីក្រុងវូហានផ្ទាល់ ដែលជាចំណុចស្នូលនៃការចម្លងជំងឺនេះ ទៅកាន់បណ្តាខេត្ត ទីក្រុង និងតំបន់នានាទូទាំងចិនដីគោក, ហើយប្រសិនបើយើងធ្វើការប្រៀបធៀបរវាងការឆ្លង​ និងការជាសះស្បើយ គឺតួលេខអ្នកជាសះស្បើយបានកើនឡើងជិតប្រហាក់ប្រហែលគ្នាហើយ​។

ជាក់ស្ដែង​ ការឆ្លង COVID-19 បានកើនឡើងដល់ ៨០,៦៥១ករណី​​ នៅទូទាំងប្រទេសចិន ដោយក្នុងនោះអ្នកជំងឺសរុប ៥៥,៤០៤នាក់​ បានជាសះស្បើយ ខណៈចំនួនអ្នកស្លាប់ក៏បានកើនឡើងដល់ ៣,០៧០នាក់ផងដែរ។ នេះបើតាមរបាយការណ៍ថ្មីដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០៕​