ខេត្តព្រះសីហនុ ៖ ក្រោយពេលអភិវឌ្ឍជាតំបន់ទេសចរណ៍នាគរាជ «ទីក្រុងរាម» នឹងក្លាយជាតំបន់មានសក្តានុពលធំបំផុត នៅតំបន់ឆ្នេរសមុទ្រកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច ផ្តល់ការងារធ្វើជាច្រើនសម្រាប់យុវជន និងប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ ទេសចរណ៍បែបគំរូតាមទស្សនាទាន «ស្អាត បៃតងឆ្លាតវៃ» ។
គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានប្រកាសគាំទ្រនៅក្នុងកិច្ចប្រជុំ គណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ដោយមានការចូលរួមពី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ គណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា, លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោករដ្ឋមន្រ្តី សាយ សំអាល់, លោក គង់ វិមាន អភិបាលរងខេត្តព្រះសីហនុ តំណាងលោក គួច ចំរើន និងតំណាងក្រសួង ស្ថាប័ន្ធពាក់ព័ន្ធមួយចំនួនទៀត ដែលជាសមាជិក គ.អ.ឆ.ក។
មានន័យថា កម្ពុជាបានគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ទេសចរណ៍ «ទីក្រុងរាម» នៅក្នុងតំបន់ទេសចរណ៍នាគរាជ ខេត្តព្រះសីហនុ ហើយគម្រោងនេះស្នើដោយក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន ឯ.ក ស្ថិតលើផ្ទៃដីទំហំ ៨៣៤ហិកតា ត្រូវបានប៉ាន់ប្រមាណថា នឹងមានទុនវិនិយោគរហូតដល់ ១៦ពាន់លានដុល្លារអាមេរិក៕










