ទានហានថៃម្នាក់ ខឹងសម្បានឹងអំពើពុករលួយ​ បើកការបាញ់ប្រហារនៅផ្សារទំនើប ស្លាប់២៥នាក់ និង៣១នាក់

0
270

អាចថា ខឹងសម្បានឹងអំពើពុករលួយ​ និងការកេងប្រវ័ញ្ចពីសំណាក់មន្ត្រី ទាហានម្នាក់ឈ្មោះ Jakraphanth Thomma បាញ់សម្លាប់មេបញ្ជាការម្នាក់របស់ខ្លួនឯង និងមនុស្សពីរនាក់ផ្សេងទៀត នៅឯបន្ទាយកងទ័ព Surathampithak មុននឹងរូបគេយកកាំភ្លើង ម៉ាក M60 machine gun រត់គេចខ្លួនសំដៅទៅរកផ្សារទំនើបមួយ នៅក្នុងទីក្រុង Nakhon Ratchasima (Korat) រួចហើយបានបើកការបាញ់ប្រហារលើហ្វូងមនុស្សដោយមិនរើសមុខ​ បណ្ដាលឱ្យមានអ្នកស្លាប់២៥នាក់ និង៣១នាក់ទៀតរងរបួស។

ហេតុការណ៍បាញ់ប្រហារដ៏សាហាវនេះ បានកើតឡើងនៅម៉ោងប្រមាណ ៣៖៣០នាទីរសៀល កាលពីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០​ ហើយមកដល់ពេលនេះ​ អាជ្ញាធរថៃជឿថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងទៀត ដោយសារតែមានអ្នករងរបួសធ្ងន់ជាច្រើននាក់។ ភ្លាមនោះ ប៉ូលិស និងទាហានថៃ បានសង្រ្គោះមនុស្សរាប់រយនាក់ចេញពីផ្សារទំនើបមួយកន្លែង កាលពីយប់ថ្ងៃសៅរ៍ ខណៈពួកគេកំពុងបន្តតាមប្រមាញ់ទាហានជាខ្មាន់កាំភ្លើងម្នាក់ ដែលបានបាញ់សម្លាប់មនុស្សយ៉ាងហោច២៥នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។

ទោះជាយ៉ាងណា មកទល់នឹងពេលនេះ មិនទាន់បញ្ជាក់លម្អិតពីមូលហេតុនៅពីក្រោយការបាញ់ប្រហារនេះនៅឡើយទេ តែខ្មាន់កាំភ្លើងបានបង្ហោះសារមួយចំនួននៅលើ Facebook ដែលមានខឹ្លមសារ ថា ៖ «ខ្ញុំពិតជានឿយហត់ណាស់…ខ្ញុំមិនអាចកម្រើកសូម្បីតែម្រាមដៃរបស់ខ្ញុំ។ តើខ្ញុំគួរតែចុះចាញ់មែនទេ?…​ រកស៊ីមានបានដោយសារតែពុករលួយ និងកេងប្រវ័ញ្ចពីអ្នកដទៃ។ តើពួកគេគិតថា​ អាចយកលុយទាំងនោះទៅចាយនៅឋានរកមែនឬទេ?»