និស្សិតកម្ពុជា២៣នាក់​ ទទួលបានប្រាក់​ឧបត្ថម្ភ​២លានរៀលក្នុងមួយខែ ពីរាជរដ្ឋាភិបាល

0
120

និស្សិតកម្ពុជាទាំង២៣រនាក់ ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ ក្នុងទីក្រុងវូហាន ប្រទេសចិន ទីដែលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី បង្កដោយវីរ៉ុសកូរ៉ូណារាតត្បាត ត្រូវបានសម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ឧបត្ថម្ភថវិកា ដោយម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ ២លានរៀលក្នុងមួយខែ ពីរាជរដ្ឋាភិបាលកម្ពុជា រហូតស្ថានការណ៍វីរ៉ុសនេះស្រាកស្រាន្ត។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់បណ្ដាញអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០​ នេះថា សម្តេចតេជោ ហ៊ុន សែន បានឯកភាពរួចហើយ លើសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ចំពោះការឧបត្ថម្ភថវិកាចំនួន២លានរៀលក្នុង១ខែ សម្រាប់និស្សិតកម្ពុជា ទាំង២៣នាក់​ ដែលកំពុងស្នាក់នៅទីក្រុងវូហាន រហូតដល់ស្ថានភាពមេរោគកូរ៉ូណាស្រាកស្រាន្ត។

បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ​ បានឱ្យដឹងថា​ ក្នុងពេលដែលផ្ទុះរាលដាលមេរោគជំងឺរលាកសួតវីរុសកូរ៉ូណា​ នៅទីក្រុងវូហាន ខេត្តហូប៉ី ប្រទេសចិន និស្សិតកម្ពុជាចំនួន២៣នាក់ ត្រូវបានភាគីខាងសាកលវិទ្យាល័យ យកអាហារមកផ្គត់ផ្គង់ ដល់បន្ទប់ស្នាក់នៅរបស់និស្សិតជាប្រចាំ និងនិស្សិតមួយចំនួនទៀតត្រូវទិញ អាហារដោយខ្លួនឯងពីកន្លែងលក់ទំនិញ​ ហើយពួកគេមានសុខល្អធម្មតាទេ៕​