លោក ដូណាល់ ត្រាំ នៅតែអាចអង្គុយលើកៅអីជាប្រធានាធិបតីអាមេរិកដដែល បន្ទាប់ពីព្រឹទ្ធសភាអាមេរិកបោះឆ្នោតសម្រេចគាំទ្រលោក !

0
155

សម្រាប់ការបោះឆ្នោតសម្រេចនៅថ្ងៃពុធ​ ទី០៥​ ខែកុម្ភៈ​ ឆ្នាំ២០២០​ (ម៉ោងនៅវ៉ាស៊ីនតោន) សមាជិកព្រឹទ្ធសភាអាមេរិក​ បានបោះឆ្នោតលុបចោលការចោទប្រកាន់ទៅលើលោក ដូណាល់ ត្រាំ​ ប្រធានាធិបតីអាមេរិក​ ពីបទរំលោភអំណាចក្នុងសំឡេង ៥២ ទល់នឹង ៤៨សំឡេង និងបទចោទប្រកាន់បង្កការរាំងស្ទះ ដល់ការងារស៊ើបអង្កេតរបស់សភាក្នុងសំឡេង ៥៣ ទល់នឹង ៤៧សំឡេង ធ្វើឱ្យលោក​ ត្រាំ នៅតែអាចអង្គុយលើកៅអីប្រធានាធិបតីដដែល។​ 

គួរបញ្ជាក់ថា​ លោក ដូណាល់ ត្រាំ ត្រូវបានសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដំណើរការនីតិវិធីដកតំណែងរបស់លោក​ កាលពីខែធ្នូ ឆ្នាំ២០១៩ ជាមួយការចោទ ប្រកាន់ពីបទរំលោភអំណាច និងបង្កការរាំងស្ទះដល់ការងារស៊ើបអង្កេតរបស់សភា ជុំវិញសំណុំរឿងអ៊ុយក្រែន។

ក្នុងសំណុំរឿងអាស្រូវនេះ គេចោទលោក ត្រាំ ថា បានគំរាមផ្ដាច់ជំនួយយោធា ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលទីក្រុងកៀវ បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំងនឹងលោក ចូ បៃដិន (Joe Bidens) ដែលត្រូវបានគេរំពឹងថា អាចនឹងក្លាយជាគូប្រជែងដ៏ធំម្នាក់របស់លោក សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

តាមរយៈការសម្រេចរបស់ព្រឹទ្ធសភា លោក ដូណាល់​ ត្រាំ បានក្លាយជាប្រធានាធិបតីទី ៣ ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលគេចផុតពីការដកតំណែងបន្ទាប់ពីលោក ប៊ីល គ្លីនតុន និងលោក អែនឌ្រូ ចនសុន (Andrew Johnson) ហើយខណៈនេះ​ លោក ដូណាល់ ត្រាំ នៅតែអាចអង្គុយលើកៅអីជាប្រធានាធិបតីអាមេរិកដដែល៕​