សម្ដេចតេជោ បញ្ជាក់អំពីការគ្រោងជួប​ ​នាយករដ្ឋមន្រ្តីចិន និងប្រធានាធិបតីចិន​ ស៊ី ជិនពីង​ នៅទីក្រុងប៉េកាំង​

0
163

សម្ដេចបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចបញ្ជាក់ថា ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិផងដែរ អំពីការធ្វើដំណើររបស់ខ្ញុំទៅកាន់ទីក្រុងប៉េកាំងនៅរសៀលថ្ងៃទី​០៥​  ខែកុម្ភៈ​ ឆ្នាំ២០២០​ នេះ​ គឺជាដំណើរទស្សនកិច្ចការងារ​ដែលខ្ញុំគ្រោងនឹងជួប​ លោកនាយករដ្ឋមន្រ្តីចិន​ លី​ ខឺឈាង នៅម៉ោង​ ៥:១៥នាទីល្ងាចនេះ​ និងបន្ទាប់មកជួបជាមួយលោកប្រធានាធិបតីចិន​ ស៊ី ជិនពីង​ នៅ​ម៉ោង​៦​:០០ល្ងាចនេះ​ មុននឹងវិលត្រឡប់ទៅប្រទេសកម្ពុជានៅយប់នេះ។

គួបញ្ជាក់ថា​ ការជូនដំណឹងរបស់ក្រសួងការបរទេសចិន មកកាន់ក្រសួងការបរទេសកម្ពុជា ដែលលើកឡើងអំពីថា​ ភាគីចិនមិនអាចរៀបចំជូនសម្តេចតេជោ ហ៊ុន សែន បានទេ ចំពោះដំណើរទៅកាន់ទីក្រុង​ វូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ដោយសារទីនោះកំពុងរីករាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា គឺធ្វើឡើងនាយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការសម្រេចចេញទៅទីក្រុងប៉េកាំងនេះ គោលបំណងដើម្បីពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់ចិន​ លើការងារទំនាក់ទំនង, បញ្ហាកំពុងកើតឡើងនៃមេរោគកូរ៉ូណា និងជាពិសេសបញ្ជាក់ពីជំហរអំពីការមិនជម្លៀសមន្រ្តី និងនិស្សិតរបស់កម្ពុជាចេញពីប្រទេសចិន ព្រមទាំងបញ្ជាក់មិនបិទជើងហោះហើរជាមួយចិននោះឡើយ។

សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយទាំងអស់គ្នាគ្រប់ទីកន្លែង៕​