រដ្ឋមន្រ្តី​ ៖​ អ្នកឆ្លងវីរុសកូរ៉ូណា​ នៅខេត្តព្រះសីហនុ​ មានសុខភាពធម្មតា​ ខណៈរកមិនឃើញមានអ្នកឆ្លងបន្ថែមទៀតទេ​

0
71

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកបណ្ឌិត ម៉ម ប៊ុនហេង  បានឱ្យដឹងថា​ គិតត្រឹមវេលាម៉ោង១២៖៥០នាទីថ្ងៃត្រង់ទី២៨ ខែមករា ឆ្នាំ២០២០ ស្ថានភាពអ្នកជំងឺផ្ទុកវីរុសកូរ៉ូណា នៅខេត្តព្រះសីហនុ លោក​ ចៀ ចៀនហួរ​ មានសុខភាពជាធម្មតា មិនមានការវិវត្តន៍ធ្ងន់ធ្ងរទេ ខណៈក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់បង្ការ​ និងថែទាំខ្ពស់បំផុត ហើយក៏ពុំទាន់រកឃើញអ្នកឆ្លងវីរុសកូរ៉ូណានេះបន្ថែមទៀតដែរ ក្រៅពីអ្នកជំងឺម្នាក់នេះ។

ក្នុងសកម្មភាពយុទ្ធនាការការពារ និងទប់ស្កាត់ជំងឺផ្លូវដង្ហើមវីរុសកូរ៉ូណានេះ​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ស្ថានភាពអ្នកជំងឺ ជនជាតិចិនឈ្មោះ ចៀ ចៀនហួរ​ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ សម្រាកនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ដែលមានផ្ទុកវីរុសណូវែលកូរូណា មានសុខភាពជាធម្មតា មិនមានការវិវត្តន៍ធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ,​  គ្រូពេទ្យនៃមន្ទីរពេទ្យខេត្តបានយកចិត្តទុកដាក់ថែរទាំខ្ពស់បំផុត។

ខណៈដែលរវីរុសផ្លូវដង្ហើមកូរ៉ូណា (Corona​ virus) បានសម្លាប់មនុស្សកើនដល់១០៦នាក់ ហើយចំនួនលើសពី៤០០០នាក់ទៀតត្រូវបានឆ្លងនោះ​ លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លង ជំងឺរលាកសួតដោយ វីរុសកូរ៉ូណានេះដូចដែលក្រសួងបានណែនាំ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here