ស្ថានភាពនិស្សិតខ្មែរ ២៣នាក់ នៅក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន មានសុខភាពធម្មតាទេ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ខណៈ ក្រុងវូហាន់ ខេត្តហ៊ូប៉េ ប្រទេសចិន កំពុងប្រឈមនឹងជំងឺផ្លូវដង្ហើមប្រភេទថ្មី (វីរុសកូរ៉ូណា) បង្កឱ្យទីក្រុង និងទីរួមខេត្តមួយនេះ ស្ងាត់ជ្រងំនៅតាមដងផ្លូវ ដោយសាគេមិនហ៊ានចេញទៅណាក្នុងមូលេហតុការពារមេរោគឆ្លង។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ពាក់ព័ន្ធនឹងសុខភាពនិស្សិតខ្មែរនេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តឆុងឈីង ដែលនៅជិតនឹងខេត្តហ៊ូប៉ី បានទំនាក់ទំនងជាប្រចាំជាមួយមន្ទីរការបរទេស ខេត្តហ៊ូប៉ី និងសាលា ស្នើសុំជួយសហការថែទាំ និងផ្គត់ផ្គង់ចំណីអាហារ ដល់និស្សិតកម្ពុជា។ អាជ្ញាធរខេត្តហ៊ូប៉ី បានឆ្លើយតប នឹងបន្តជួយឱ្យអស់ពីលទ្ធភាព ដែលអាចធ្វើបាន។
ដោយឡែកនាពេលនេះដែរ ទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ដែលជាប្រភពដើមនៃវីរុសបំផ្លាញសួត និងតម្រងនោមធ្ងន់ធ្ងររហូតដល់ផ្តាច់ជីវិតមនុស្ស៨០នាក់នោះ ត្រូវបានរដ្ឋាភិបាលចិនសម្រេចបិទទ្វារទាំងស្រុងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មានន័យថា ការចេញ-ចូលក្នុងខេត្ត និងទីក្រុងមួយនេះ គ្រប់មធ្យោបាយត្រូវបានរឹតត្បិតបំផុត។
ស្ថានការណ៍ពេលនេះ មន្ត្រីអាជ្ញាធរ និងប្រជាជន បានបន្តស្ថិតក្នុងការព្រួយបារម្ភខ្លាំងបំផុតក្នុងទីក្រុងវូហាន (Wuhan) ដែលជាជម្រកនៃប្រជាជនជាង ១០លាននាក់ និងខេត្តហ៊ូប៉ី (Hubei) ទាំងមូល ជាជម្រកនៃប្រជាជនជិត ៦០លាននាក់ បានកើតមាននូវការប្រែប្រួលខ្លាំងនោះ គឺតាមដងវិថីធំៗនានា ស្ទើរតែមិនឃើញមានមនុស្សម្នាធ្វើដំណើរ ហើយហាងលក់ទំនិញតូចធំជាច្រើនបានបិទទ្វារ៕






